សហរដ្ឋអាម៉េរិកបង្ហាញអំពីភាពត្រឹមត្រូវ​ការបញ្ជូនមីនប្រឆាំងមនុស្សដើម្បីបញ្ឈប់​ការឆ្ពោះទៅមុខរបស់រុស្ស៊ី

រដ្ឋបាលលោកចូ បាយឌិន ដែលធ្លាប់បានរិះគន់មីនប្រឆាំងមនុស្សដោយសារវាមានគ្រោះថ្នាក់ សម្រាប់ជនស៊ីវិល កាលពីថ្ងៃ​អង្គារ ទី២០ វិច្ឆិកា បានខិតខំប្រឹងប្រែងពន្យលអំពីភាពត្រឹមត្រូវ នៅក្នុងសេចក្តីសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ជូន​អាវុធប្រភេទនេះទៅកាន់ប្រទេសអ៊ុយក្រែន ដែលវាសមស្របអាចអនុញ្ញាតឲ្យពន្យឺតការរុលទៅមុខរបស់កងកម្លាំងរុស្ស៊ីនៅភាគខាងកើតនៃប្រទេស។

នៅប្រទេសឡាវ រដ្ឋមន្រ្តីការពារជាតិ លោកឡយ អូស្ទីន ដែលនិយាយអំពីការផ្លាស់ប្តូរ​តាក តិចរបស់រុស្ស៊ីនៅលើសមរភូមិ បានថ្លែងថា ៖ “កងកម្លាំងប្រើរថក្រោះ រថពាសដែក ឬ គ្រឿង យន្តនានាលែងនាំមុខទៀតហើយ។ ទាហានរុស្ស៊ីឆ្ពោះទៅមុខដោយថ្មើជើង ដើម្បីខិតទៅជិត និងវាយប្រហារដើម្បីបើកផ្លូវឲ្យកងកម្លាំងរថក្រោះ រថពាសដែក និងគ្រឿងយន្តផ្សេងៗ វិញ”។

នៅខណៈដែលការឆ្ពោះទៅមុខរបស់ទាហានរុស្ស៊ីកើនល្បឿននៅភាគខាងកើតអ៊ុយក្រែន លោកឡយ អូស្ទីន បានបន្ថែមថា ៖ ”អ៊ុយក្រែនត្រូវការគ្រឿងផ្ទុះ ដែលអាចជួយឲ្យពន្យឺតការ​ខិត​ខំប្រឹងប្រែងខាងសង្រ្គាមរបស់រុស្ស៊ីរបៀបនេះ។”

ការផ្គត់ផ្គង់មីនប្រឆាំងមនុស្ស ជាផ្នែកនៃជំនួយយោធាថ្មីរបស់អាម៉េរិកទៅដល់អ៊ុយក្រែន ដែល ត្រូវប្រកាសកាលពីថ្ងៃពុធ ជាមួយនឹងទឹកប្រាក់ ២៧៥លាន ដុល្លារ និងដែលរួមបញ្ជូល​ទាំង គ្រាប់រំសេវសម្រាប់ប្រព័ន្ធកាំភ្លើងធំ និងសម្ភារៈយោធាផ្សេងៗ ទៀត។

ការផ្លាស់ប្តូរចិត្តភ្លាមៗរបស់សហរដ្ឋអាម៉េរិក​អំពីមីនប្រឆាំងមនុស្ស កើតមានប៉ុន្មានថ្ងៃបន្ទាប់​ពី​ទីក្រុងវ៉ាស៊ីនតុនបើកភ្លើងខៀវឲ្យអ៊ុយក្រែនដើម្បីវាយប្រហារលើដែនដីរុស្ស៊ីជាមួយនឹងមីស៊ីល​រយៈចម្ងាយឆ្ងាយដែលជាអាវុធរបស់សហរដ្ឋអាម៉េរិក ហើយពួកវាក៏ត្រូវបានទីក្រុងគៀវ ប្រើ​ប្រាស់​​ភ្លាមៗ ទៅលើរុស្ស៊ី។ ហើយការវាយប្រហារដោយប្រើប្រាស់មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ ក៏ជាការឈានហួសបន្ទាត់ក្រហមរបស់ទីក្រុងមូស្គូផងដែរ។

នៅឆ្នាំ២០២២ ប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន បានថ្លែងថា លោកហាមឃាត់ការ​ប្រើ​ប្រាស់​​មីនប្រឆាំងមនុស្ស។ ការផ្លាស់ប្តូរចិត្តភ្លាមៗ របស់លោកចូ បាយឌិន កើតមានឡើង​បង្ក​ការ​​ព្រួយបារម្ភដ៏ជ្រាលជ្រៅ​អំពីការបន្តការគាំទ្ររបស់អាម៉េរិកនៅអ៊ុយក្រែន នៅពេល​ប្រធានាធិបតី​ជាប់​ឆ្នោត លោកដូណាល់ ត្រាំ នឹងចូលមកកាន់តួនាទីនៅខែមករា ខាងមុខ។

មីនប្រឆាំងមនុស្សគឺជាគ្រឿងផ្ទុះ ដែលនៅបន្ត​សម្លាប់ និងធ្វើឲ្យពិការដល់មនុស្សទោះ​បីជា​សង្រ្គាម​​​បានបញ្ចប់យូរហើយក៏ដោយ។ ប៉ុន្តែបើយោងតាម លោកឡយ អូស្ទីន មីនដែល​ផ្គត់ផ្គង់​​ដោយសហរដ្ឋអាម៉េរិក នឹងមិនមានសុពលភាពយូរទេ មានន័យថា ពួកវាផ្ទុកឧបករណ៍​ដែលនឹងខូចខាតខ្លួនឯង និងធ្វើឲ្យបាត់បង់ប្រសិទ្ធភាពផ្ទុះដោយខ្លួនឯង ដែលជាទ្រឹស្តី វាអាច​កម្រិត​​ហានិភ័យសម្រាប់​ជនស៊ីវិល។ ពួកវាអាចខូចខាតដោយខ្លួនឯង ឬក្លាយជាគ្មាន​ប្រសិទ្ធ​ភាព​បន្ទាប់ពីបាតបង់បន្ទុកថ្មអគ្គីសនីរបស់ពួកវា។

​អ្នកនាំពាក្យនាយកដ្ឋានរដ្ឋអាម៉េរិក លោកម៉ាធៀវ មីលឡើ បាន​ពន្យល់​ថា ទាំងនេះគឺជា​មីន​ដែល​ផ្សេងៗគ្នាទាំងស្រុងពីមីនដែលត្រូវបានដាក់​ដោយ​រុស្ស៊ី។ មីនកបក្នុងដី​ដែលរុស្ស៊ី​បាន​ដាក់​ពង្រាយនៅអ៊ុយក្រែន មានចំនួនជិតដល់ ២លាន គ្រាប់ នឹងស្ថិតនៅជាការគំរាមកំហែង​រយៈ​ពេលរាប់ទសវត្សទៅមុខ។ បើយោងតាមលោកមីលឡើ បានឲ្យដឹងថា នៅក្នុងករណី​មីន​របស់​អាម៉េរិក ថ្មរបស់វានឹងអស់​ ជាអតិបរិមា ២សប្តាហ៍ បន្ទាប់ពីការដាក់ពង្រាយ។ នេះគឺ​ជា​ប្រភេទ​ដែលពួកវាលែងមានការគំរាមកំហែងទៀត​ដល់​ប្រជាជ​ន​ស៊ីវិលបន្ទាប់ពីជម្លោះ​ត្រូវបាន​បញ្ចប់។ លោកក៏បានរៀបរាប់បន្ថែមថា អ៊ុយក្រែននឹង​ត្រូវ​ដោះ​មីន​នៅពេលចប់ជម្លោះ ហើយ មីន​រប​ស់អាម៉េរិក នឹងងាយស្រួលរកឃើញ និង​ដោះ​ចេញវិញ។

 

Daily Program

Livesteam thumbnail