សហគមន៍អឺរ៉ុប និងណាតូ និយាយអំពីវិស័យការពារជាតិ និងកែវភ្នែកផ្តោចអារម្មណ៍លើលោកត្រាំ និងពូទីន
មេដឹកនាំនៃសហគមន៍អឺរ៉ុប នាយករដ្ឋមន្រ្តីអង់គ្លេស និងអគ្គលេខាអង្គការណាតូ បានស្ថិតនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃចន្ទ ដើម្បីជួបប្រជុំព្យាយាមធ្វើឲ្យល្អប្រសើរឡើងនូវការចំណាយការពារជាតិប្រឈមមុខនឹងការវាយប្រហាររបស់រុស្ស៊ី។ នៅក្នុងពេលជាមួយគ្នា លោកដូណាល់ ត្រាំ បានទាមទារឲ្យសម្ព័ន្ធមិត្តរបស់លោកជំរុញឲ្យបានរហ័សឡើងថែមទៀត ដោយចំណាយយ៉ាងហោចណាស់ ៥% នៃGDP លើវិស័យយោធា។
កិច្ចប្រជុំកំពូលការពារជាតិអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប្រទេសចំនួន ២៧ នាយករដ្ឋមន្រ្តីអង់គ្លេស និងអគ្គលេខាណាតូ បានជួបប្រជុំគ្នាកាលពីថ្ងៃទី៣ ខែកុម្ភៈ ដើម្បីព្យាយាមផ្តល់សំទុះលើការចំណាយលើការការពារជាតិនៅក្នុងបរិបទដែលត្រូវបានកត់សម្គាល់ដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ម្យ៉ាងទៀត ក៏មានការទាមទារពីសហរដ្ឋអាម៉េរិកឲ្យអឺរ៉ុបបង្កើនការចំណាយយោធាផង។
ចាប់តាំងពីការបង្កការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ជិត ៣ឆ្នាំ ហើយ ប្រទេសអឺរ៉ុបមានរឿងរសើបនឹងបង្កើនថវិការយោធារបស់ពួកគេ។ ប៉ុន្តែពួកគេក៏ទទួលស្គាល់ដូចគ្នាថា ប្រទេសសហគមន៍អឺរ៉ុបមិនបានបំពាក់អាវុធឲ្យលឿនគ្រប់គ្រាន់នៅក្នុងជម្រៅនៃការព្រួយបារម្ភដែលចេះតែកើនឡើងប្រឈមមុខនឹងលទ្ធភាពដែលលោកវ្លាឌីមៀ ពូទីន អាចវាយប្រហារប្រទេសអឺរ៉ុបម្តងមួយៗ នៅក្នុងប៉ុន្មានឆ្នាំខាងមុខដែលនឹងមកដល់។
ការវិលត្រឡប់របស់លោកដូណាល់ ត្រាំ មកកាន់សេតវិមាន បានផ្តល់នូវទិដ្ឋភាពថ្មីសម្រាប់ការពិភាក្សាដែលប្រធានាធិបតីអាម៉េរិកនិយាយម្តងហើយម្តងទៀតថា អឺរ៉ុបលែងអាចពឹងតែទៅលើការការពាររបស់អាម៉េរិកទៀតហើយ។
មហាសេដ្ឋីដ៏មានឥទ្ធិពលខាងអចលនទ្រព្យរូបនេះ ក៏បានសន្យាលើយុទ្ធនាការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឲ្យបានឆាប់រហ័ស ដែលបង្កការព្រួយបារម្ភរបស់អឺរ៉ុប ដែលភ័យខ្លាចថា នេះនឹងបង្ខំឲ្យទីក្រុងគៀវទទួលនូវកិច្ចព្រមព្រៀងដ៏អាក្រក់។
លើសពីបញ្ហានៃការការពារជាតិ លោកត្រាំក៏បង្កើនការគំរាមកំហែងបាញ់ឆ្ពោះទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន។
នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រីម៉េត ហ្វ៉េ្រដឺរីកសេន ដែលទើបតែបានធ្វើទស្សនកិច្ចនៅរដ្ឋធានីប្រទេសអឺរ៉ុបជាច្រើន សង្ឃឹមថា នឹងមានការផ្ញើសាររួមគ្នាប្រឈមនឹងការដៅរបស់ប្រធានាធិបតីមហាសេដ្ឋីពាន់លានរបស់អាម៉េរិកលើកោះហ្រ្គូអេនឡេន។ ភាពងាយរងគ្រោះនឹងកើតសង្រ្គាមពាណិជ្ជកម្មក៏គិតរៀបចំផែនការនៅក្នុងជំនួបនៅទីក្រុងប្រ៊ុចសែលនេះដែរ។ លោកដូណាល់ ត្រាំ ដែលទើបបានតម្លើងពន្ធនាំចូល ២៥% សម្រាប់ផលិតផលកាណាដា និងមីស៊ីក ហើយនិង ១០% សម្រាប់ផលិតផលចិន បាននិយាយម្តងទៀតថា វាដល់ពេលពេលអឺរ៉ុបម្តងហើយ។
ចេញពីវិមានពងក្រពើ កាលពីចុងសប្តាហ៍ លោកដូណាល់ ត្រាំ បានតម្លើងសម្លេងថា ៖ “សហគមន៍អឺរ៉ុបធ្វើមិនល្អដាក់យើង”។ ចំណែកអឺរ៉ុបបានសន្យាថា នឹងវាយបកដោយភាពម៉ឺនម៉ាត់ ប្រសិនបើអឺរ៉ុបត្រូវបានដាក់គោលដៅដោយច្បាប់ពន្ធគយដោយមិនយុត្តិធម៌”។
មន្រ្តីអឺរ៉ុបម្នាក់សង្ខេបថា កិច្ចព្រមព្រៀងអំពីសារសំខាន់ចាំបាច់ក្នុងការបង្កើនការចំណាយខាងយោធាមានហើយ ហើយរបៀបដើម្បីឈានទៅសម្រេចគោលដៅស្ថិតនៅជាកម្មវត្ថុនៃការពិភាក្សាដ៏ជូរចត់។ សំនួរគឺមិនមែនសួរថា តើគេត្រូវធ្វើវាដែរឬទេ? តែសួរថាតើធ្វើវាយ៉ាងដូចម្តេច? ទីក្រុងប្រ៊ុចសែលវាយតម្លៃថា ប្លុកសហគមន៍អឺរ៉ុប នឹងត្រូវវិនិយោគ ៥០០ពាន់លានអឺរ៉ូ បន្ថែមនៅក្នុងការការពារជាតិនៅទសវត្សខាងមុខ។