សហគមន៍មួយនៅភាគឥសាន្តឥណ្ឌាទម្រាំក្លាយជាព្រះសហគមន៍មានការទទួលស្គាល់គឺរង់ចាំ១០០ឆ្នាំ
ក្រោយការរង់ចាំរហូតដល់១សតវត្សរ៍ព្រះសហគមន៍ម៉័គីដេប (Mawkyrdep) ដែលជាព្រះសហគមន៍មួយនៅភាគឦសានប្រទេសឥណ្ឌាទើបក្លាយជាព្រះសហគមន៍កាតូលិកដែលមានការទទួលស្គាល់មួយនៅក្នុងប្រទេសឥណ្ឌា។
ព្រះសហគមន៍ម៉័គីដេប ត្រូវបានទទួលស្គាល់កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ថ្មីៗនេះ ហើយត្រូវបានគ្រិស្តបរិស័ទអបអរ និង លើកឡើងថា នេះជាចំណុចរបត់ថ្មីមួយនៃសហគមន៍នេះ។
ព្រះសហគមន៍នេះត្រូវបានគេដឹងថា មានប្រភពដើមដំបូងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ១៩២៤នៅពេលដែល លោក ចូសេព ជីមី ឌូអា ( Joseph Jymme Duia ) និង ម្តាយរបស់លោក បានទទួលអគ្គសញ្ញជ្រមុជទឹក ពីលោកបូជាចារ្យ កុងស្តង់ទីន វេដ្រាមី (Constantine Vendrame)។
អ្នកទាំងពីរគឺជាគ្រាប់ពូជដំបូងនៃព្រះសហគមន៍កាតូលិក ម៉័គីដេប ហើយអ្នកទាំងពីរ បានបរិច្ចាគដីសម្រាប់ការកសាងព្រះវិហារ ការដាំដុះ និងទីបញ្ចុះសព ដែលជាធនធានដែលអនុញ្ញាតឱ្យព្រះសហគមន៍ដំបូងដុះឫស។
លោក ចូសេព មិនមានការអប់រំជាផ្លូវការដោយស្ថាប័នអប់រំជំនឿរបស់ព្រះសហគមន៍ឡើយ ប៉ុន្តែលោកបានព្យាយាមស្វែងយល់តាមការ អានព្រះគម្ពីរ និងសៀវភៅទំនុកតម្កើង ហើយលោក បានដឹកនាំការថ្វាយបង្គំព្រះជាម្ចាស់នៅថ្ងៃអាទិត្យនិងអធិដ្ឋានសូត្រផ្គាំដោយគ្មានពិធីអភិបូជាចារ្យ។
ក្រៅពីកិច្ចការសាសនា លោក ចូសេព ក៏ត្រូវបានគេដឹងថា ជាអ្នកដឹកនាំនិងកាន់ការងារដ្ឋបាលមូលដ្ឋាននៅក្នុងសហគមន៍នោះផងដែរ។
ក្រោយមកពលរដ្ឋឥណ្ឌានៅក្នុងសហគមន៍នេះក៏បានចាប់អារម្មណ៍នឹងដំណឹងល្អ ហើយក៏ទទួលបានការបណ្តុះបណ្តាលជំនឿខ្លះៗពីក្រុមសាសនទូតសាឡេស៊ាន។
សហគមន៍នេះចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធនៅក្នុងឆ្នាំ១៩៥២ ក្រោមការណែនាំពីលោកបូជាចារ្យ ម៉ាយឃើល បាឡាវ៉ាន់ (Michael Balawan ) ដែលជាសមាជិកសាសនទូតសាឡេស៊ានរហូតឈានទៅ បង្កើតសាលាអប់រំជំនឿមួយ ដែលនោះហើយជាចំណុចចាប់ផ្តើមរបស់ព្រះសហគមន៍នេះពិតប្រាកដ៕