សម្រាប់ប្រទេសអារ៉ាបរួម អេមីរ៉េត អ៊ីរ៉ង់បានក្លាយជាប្រទេសជិតខាងបំពុល ហើយ ទីក្រុងអាប៊ូ ដាប៊ី បានចាកចេញពីអង្គការអូពិប
កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ទីក្រុងអាប៊ូ ដាប៊ី បានចាកចេញពីអង្គការក្រុមប្រទេសអ្នកផលិតប្រេង អង្គការអូពិប (Opep)។ ពីពេលនេះទៅ ប្រទេសជាសមាជិកដទៃៗទៀត ត្រូវតែចាត់ចែងទំនាក់ទំនងជាមួយអ៊ីរ៉ង់ ប្រទេសជិតខាងដែលបំពុល។
ប្រទេសអារ៉ាបរួម អេមីរ៉េត បានប្រកាសកាលពីថ្ងៃទី២៨ ខែមេសា អំពីការចាកចេញពីអង្គការនៃប្រទេសផលិតប្រេង អូពិប។ នេះគឺជាសេចក្តីសម្រេចដែលបានធ្វើឲ្យភ្ញាក់ផ្អើលដល់ទីផ្សារប្រេង។ ដោយមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១ ខែឧសភា ការសម្រេចនេះត្រូវបានធ្វើឡើងក្នុងនាម “ផលប្រយោជន៍ជាតិ” របស់ពួកគេ តាមការបញ្ជាក់ប្រាប់របស់អាប៊ូ ដាប៊ី។ នៅចំកណ្តាលបេះដូងនៃភាពតានតឹង ៖ អ៊ីរ៉ង់ ដែលជាសមាជិកនៃក្រុមអូពិកដែរ បានរាំងខ្ទប់ច្រកសមុទ្រអ័រមូស និងបានដាក់សម្ពាធដ៏ខ្លាំងលើដៃគូនៃតំបន់ឈូងសមុទ្រ និងលើសំណុំទាំងមូលនៃទីផ្សារប្រេងពិភពលោក។ ម្យ៉ាងវិញទៀត អូពិប (OPEP) មានបំណងចង់ធ្វើជាអ្នកធានាថា តម្លៃប្រេងពិភពលោកមានស្ថិរភាព ហើយកំណត់កូតាផលិតឲ្យសមាជិករបស់ខ្លួន គឺ ៣,៤ លានបារ៉ែល ក្នុងមួយថ្ងៃសម្រាប់ទីក្រុងអាប៊ូ ដាប៊ី។ នេះគឺជាការកំហិតដែលប្រទេសអារ៉ាបរួម អេមីរ៉េត ដែលជាផលិតករទី៣ នៅក្នុងសម្ព័ន្ធអ្នកផលិតប្រេង កាន់តែគាំទ្រតិចឡើងៗ ព្រោះប្រទេសនេះចង់បង្កើនផលិតកម្មរបស់ខ្លួន។
លោកធៀរី ប្រូស ដែលជាអ្នកឯកទេសនៃបញ្ហាថាមពល និងជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យ ស្យង់ប៉ូប៉ារីស (Science Po Paris) ប្រទេសបារាំង បានវិភាគអំពីហេតុផលនៃការដកខ្លួននេះ វិបាកសម្រាប់អង្គការអូពិប និងអត្ថប្រយោជន៍ជាយុទ្ធសាស្រ្តសម្រាប់ប្រទេសអារ៉ាបរួម អេមីរ៉េតផង។
នេះមិនមែនជារឿងភ្ញាក់ផ្អើលទេ។ ប្រទេសអារ៉ាបរួម អេមីរ៉េត បានបរិយាយថា អ៊ីរ៉ង់ជារដ្ឋភេរវកម្ម និងវាយតម្លៃថា ការបិទច្រកសមុទ្រអ័រមូស គឺជាភេរវកម្មខាងសេដ្ឋកិច្ច។ ពួកគេមានសភាពស្របគ្នាទាំងស្រុងជាមួយគំនិតខ្លួនឯង។ គេមិនពិភាក្សាជាមួយភេរវករទេ។ គេដើរចេញ ឬក៏ប្រយុទ្ធ។ ក្នុងករណីនេះ ទីក្រុងអាប៊ូដាប៊ី បានជ្រើសរើសការដើរចេញ។ រឿងអូពិប គឺជារឿងដែលអ៊ីរ៉ង់ បិទច្រកសមុទ្រអ័រមូស ជាសកម្មភាពភេរវកម្មសេដ្ឋកិច្ច ដែលការប្រឈមមុខដោះស្រាយគឺជាបញ្ហាគ្រឹះសម្រាប់ប្រទេសនៅតំបន់ឈូងសមុទ្រ។ ប្រទេសអារ៉ាបរួម អេមីរ៉េត ដែលមិនអាចស្ថិតនៅក្នុងអង្គការអូពិបបន្តទៀត ក៏ជារឿងសមហេតុផលល្មមដែរ។
បញ្ហានៃផលវិបាកនឹងកើតមានជាពិសេសសម្រាប់ប្រទេសឈូងសមុទ្រនាពេលបន្ទាប់។ តើពួកគេនឹងចាត់ចែងទំនាក់ទំនងរបស់ពួកគេជាមួយអ៊ីរ៉ង់យ៉ាងដូចម្តេច? ប៉ុន្តែការចាកចេញនៅតែស្មុគស្មាញ ពីព្រោះអូពិប គឺជាក្លិបសំខាន់ និងគួរឲ្យចាប់អារម្មណ៍ខ្លាំង។ មុនពេលប្រទេសអារ៉ាបរួម អេមីរ៉េត ចាកចេញ អង្គការនេះបានធ្វើពាណិជ្ជកម្មប្រេងកម្រិតពិភពលោក ៥០% ហើយឥឡូវ តួលេខនេះគួរតែនឹងធ្លាក់ចុះសល់ត្រឹម ៤៥%។
ម្យ៉ាងវិញទៀត នេះគឺជាអង្គការតែមួយគត់នៃសកលខាងត្បូងដែលបានជោគជ័យក្នុងការរស់រានមានជីវិត ៦០ឆ្នាំ។ ប៉ុន្តែរាល់សមាជិកមិនមានស្មើភាពគ្នាទេ។ ប្រទេសដែលសំខាន់បំផុតចំនួនបីដំបូង គឺអារ៉ាប៊ីសាអ៊ូឌីត គុយវ៉ែត និងប្រទេសអារ៉ាបរួមអេមីរ៉េតនេះ ដែលបានចាកចេញ។
សម្រាប់លោកធៀរី ប្រូស លោកគិតថា នៅពេលប្រទេសអារ៉ាបរួម អេមីរ៉េតចាកចេញនឹងមានការខុសគ្នាយ៉ាងខ្លាំង ប៉ុន្តែចុងក្រោយ ក៏ត្រូវការឲ្យមានប្រទេសខ្លះនៅសល់ ដើម្បីរក្សាតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ហើយក៏តែងតែមានអ្នកស្នងតំណែងអូពិប (OPEP) ដែរ តាមរបៀបក្រុមអ្នកផលិតប្រេង មិនថាតាមរបៀបណាក៏ដោយ… ដោយស្ម័គ្រចិត្ត ឬដោយបង្ខំ បើមិនដូច្នោះទេ តម្លៃប្រេង នឹងមានភាពការប្រែប្រួលដ៏អស្ចារ្យ ហើយឧស្សាហកម្មប្រេងទាំងមូលនឹងរងការប្រែប្រួលដ៏ធំ។