សម្ព័ន្ធកុមារថ្មីមួយត្រូវបានបង្កើតដើម្បីកសាង ក្តីសង្ឃឹមសម្រាប់កុមាររងគ្រោះដោយសង្រ្គាម
ចំពេលដែល ជម្លោះជាសកលកំពុងតែបន្ត សម្ព័ន្ធកុមារថ្មីមួយដែលមានឈ្មោះថា សម្ព័ន្ធទ្រទ្រង់កុមារ "Unbroken Kids Alliance" ត្រូវបានបង្កើតឡើង កាលពីចុងខែមករាកន្លងទៅនេះ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្ព័ន្ធកុមារដែលទើបបង្កើតឡើងនេះ គឺដើម្បីលើកកំពស់ ការសហការរបស់ក្រុមសកម្មជនមនុស្សធម៌ដែលកំពុងធ្វើការដើម្បីនាំមកនូវក្តីសង្ឃឹម និងការផ្លាស់ប្តូរយូរអង្វែងដល់កុមារ និងក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយសង្រ្គាម។
សម្ព័ន្ធទ្រទ្រង់កុមារ ត្រូវបានប្រកាសជាលើកដំបូងនៅថ្ងៃទី២៩ ខែមករា នៅទីក្រុងរ៉ូម ក្នុងអំឡុងកិច្ចប្រជុំកំពូលអន្តរជាតិលើកទីមួយស្តីពីសិទ្ធិកុមារ ហើយវាគឺជាយន្តការស្វែងរកដំណោះស្រាយឆ្លើយតបនឹងរបួសផ្លូវកាយ និងផ្លូវចិត្តដ៏ជ្រាលជ្រៅដែលបានកើតឡើងលើកុមារ និងគ្រួសាររបស់ពួកគេដោយសង្រ្គាម។
សម្ព័ន្ធនេះត្រូវបានផ្តួចផ្តើមគំនិត បង្កើតឡើងដោយសហព័ន្ធជាតិនៃក្រុមមេត្តាករុណានៅប្រទេសអ៊ីតាលី មូលនិធិ ទ្រទ្រង់ (Unbroken) និងមូលនិធិ 5P Europe។ សម្ព័ននេះបង្ហាញពីសម្ព័ន្ធដែលអាចកើតចេញពីកិច្ចសហប្រតិបត្តិការរវាងអង្គភាពមនុស្សធម៌ ហើយមានគោលបំណងអនុវត្តកម្មវិធីគោលដៅដែលផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត ជំនួយផ្លូវចិត្ត និងការស្តារនីតិសម្បទាប្រកបដោយនិរន្តរភាពសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសង្រ្គាម៕