សម្តេច ហ៊ុន សែន ទម្លាយថា លោក ថាក់ ស៊ីន ផ្តល់ព័ត៌មាននានាពីការងារនៅថៃដល់សម្តេចជាប្រចាំ
ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងទម្លាយជាសាធារណៈដោយមានលើកឡើងថា លោក ថាក់ សុីន គឺជាអ្នកផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ។ការលើកឡើងយ៉ាងដូច្នេះ គឺធ្វើឡើងក្រោយពីបញ្ញាវន្តថៃមួយចំនួនលើកឡើងថា លោក ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រហែលជាពេលណាមួយដែលសម្តេច ត្រូវចំណាយពេលប្រហែលជាង៣ម៉ោង ដើម្បីសម្តេចនិយាយពីរឿងថាក់ ស៊ីន ដែលសម្តេចបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយគឺល្ងាចថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ ស៊ីន បានផ្តាំតាម ឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ដែលពេលនោះសម្តេចផ្តាំទៅវិញថា(ដកគេប្រយត្ឋ័គេដកខ្លួនវិញ)។
បើតាមសម្តេច ហ៊ុន សែន សម្តេចមិនចម្លែកទេក្នុងការដែល ថាក់ ស៊ីន ក្បត់សម្តេច ព្រោះសូម្បីតែជាតិសាសន៍គេក៏គេហ៊ានក្បត់ ចុះទម្រាំសម្តេចជាតិសាសន៍ផ្សេង ថាក់ ស៊ីន អាចក្បត់បានយ៉ាងស្រួល។
សម្តេចថ្លែងថា ៖«តែ ថាក់ ស៊ីន កុំភ្លេចថា អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង»។
តបជាមួយបញ្ញាវន្តថៃមួយចំនួនលើកឡើងថា សម្តេច ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ។សម្តេច ហ៊ុន សែន អះអាងថា បើមិនឲ្យច្បាស់យ៉ាងម៉េចបើ ថាក់ ស៊ីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ៕

Daily Program
