សម្តេចប៉ាប សោកស្ដាយយ៉ាងខ្លាំងចំពោះករណីគ្រោះថ្នាក់រថយន្តដឹកសិស្សសាលានៅថៃ
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន ផ្ញើសាររំលែកទុក្ខ និងអធិដ្ឋានដល់ក្រុមគ្រួសារសិស្សសាលាជនរងគ្រោះក្នុងឧបទ្ទវហេតុឆេះរថយន្តក្រុងនៅជិតទីក្រុងបាងកក ប្រទេសថៃ។
សម្តេចប៉ាប បានផ្ញើសាររំលែកទុក្ខដល់គ្រួសារសិស្សសាលា២០នាក់ និងគ្រូបង្រៀន៣នាក់ ដែលបានស្លាប់កាលពីថ្ងៃទី១ ខែតុលា ក្នុងហេតុការភ្លើងឆេះរថយន្តក្រុងនៅជាយក្រុងបាងកក។
រថយន្តក្រុងនេះ គឺជារថយន្តមួយក្នុងចំណោមរថយន្តបីគ្រឿង ដែលដឹកកុមារពីសាលា វត្ត ខៅ ប្រា សង់ខារ៉ាម ( Wat Khao Phra Sangkharam ៌ ក្នុងខេត្ត អុថៃ ថានី (Uthai Thani )ភាគខាងជើង ក្នុងដំណើរទៅទស្សនាសារមន្ទីរវិទ្យាសាស្ត្រនៅភាគខាងជើងទីក្រុងបាងកក។
អគ្គិភ័យបានឆាបឆេះរថយន្តនៅលើផ្លូវហាយវេមួយនៅជាយក្រុងភាគខាងជើងនៃរដ្ឋធានីបាងកក ដោយរថយន្តនេះបានដឹកកុមារចំនួន ៣៨ នាក់ ចាប់ពីមត្តេយ្យដល់ក្មេងជំទង់ និងគ្រូបង្រៀន ៦ នាក់ ។
ក្រុមមន្ត្រីបាននិយាយថា គ្រោះមហន្តរាយនេះ ត្រូវបានគេជឿថា បានចាប់ផ្តើមនៅពេលដែលសំបកកង់រថយន្តក្រុងមួយបានផ្ទុះនៅលើផ្លូវហាយវ៉េ នៅវេលា ថ្ងៃត្រង់ ហើយក៏បណ្តាលឲ្យរថយន្តរេចង្កូតបុកចិញ្ចើមនិងបង្កជាអគ្គិភ័យ។ កុមារមួយចំនួនដែលបានរួចរស់ជីវិតពីភ្លើងបានរាយការណ៍ថាមានការរលាកដ៏គួរឱ្យរន្ធត់នៅលើផ្នែកផ្សេងៗនៃខ្លួនប្រាណរបស់ពួកគេ ។
គ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវបំផុតមួយក្នុង ប្រទេសថៃ ដែលមានកំណត់ត្រាសុវត្ថិភាពចរាចរណ៍ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ដែលមានអ្នកស្លាប់ប្រហែល ២០.000 នាក់ក្នុងមួយឆ្នាំ។