សម្តេចប៉ាប ជំរុញពិភពលោកកុំឲ្យភ្លេចប្រទេសដែលត្រូវការ 'អំណោយនៃសន្តិភាព'

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅពេលនេះ កំពុងបន្តសម្រាកព្យាបាលរោគរលាកសួតនៅមន្ទីរពេទ្យមិនទាន់ចេញនៅឡើយ ប៉ុន្តែទោះជាស្ថានភាពទ្រង់បែបនេះក៏ដោយ ក៏ទ្រង់មិនភ្លេចជនរងគ្រោះដែលកំពុងតែស្រេកឃ្លានសន្តិភាពនៅជុំវិញពិភពលោក។
ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា នៅក្នុងអំឡុងពេលស្នាក់នៅនិងព្យាបាលជំងឺនៅមន្ទីរពេទ្យតាំងតែពីថ្ងៃទី ១៤ ខែកុម្ភៈ មកដល់ថ្ងៃទី ១២ ខែមីនា ទ្រង់មិនដែលលះបង់ការអធិដ្ឋានជូនជនរងគ្រោះនិងទូលអង្វរសុំសន្តិភាពនៅតាមទីកន្លែងដែលពលរដ្ឋកំពុងតែវេទនានោះឡើយ។
ប្រភពដដែលបានបន្តថា នៅក្នុងវ័យ ៨៨ ឆ្នាំ ហើយហត់នឿយនឹងការតស៊ូព្យាបាលជំងឺរលាកសួត ក៏ទ្រង់នៅតែអធិដ្ឋាននិងលើកទឹកចិត្តឲ្យគ្រប់ភាគីរិះគិតអំពី "អំណោយនៃសន្តិភាព" របស់ព្រះជាម្ចាស់សម្រាប់អ្នកដែលរងទុក្ខនៅក្នុងប្រទេស អ៊ុយក្រែន សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ មីយ៉ាន់ម៉ា ស៊ូដង់ ប៉ាឡេស្ទីន និង អ៊ីស្រាអែល។
សម្តេចប៉ាបបានរំលេចនូវទុក្ខវេទនាដែលគ្រប់ភាគីដែលពាក់ព័ន្ធគួរតែរកឲ្យឃើញនូវដំណោះស្រាយដោយសន្តិភាពដើម្បីរំលត់ទុក្ខវេទនារបស់មនុស្សរាប់លាននាក់កំពុងតែប្រឈម៕
Daily Program
