សម្តេចប៉ាបអំពាវនាវឲ្យមេដឹកនាំពិភពលោកលុបចោលបំណុលរបស់ប្រទេសក្រីក្រ
ថ្លែងទៅកាន់គ្រីស្តបរិស័ទដែលប្រមូលម្តុំគ្នានៅទីលាន សន្តសិលា សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូជាថ្មីម្តងទៀតបានអំពាវនាវឲ្យពិភពលោកលុបចោលបំណុលរបស់ប្រទេសក្រីក្រនានា។ នេះបើតាមវ៉ាទីកង់ញូវ។
ប្រភពដដែលបានបន្តថា ការអំពាវនាវបែបនេះ បានធ្វើឡើងបន្ទាប់ពីទ្រង់បានរៀបចំពិធីអធិដ្ឋានថ្ងៃចូលឆ្នាំថ្មីឆ្នាំសាកល។
សម្តេចប៉ាប បានអំពាវនាវ ទៅកាន់មេដឹកនាំនយោបាយនៃប្រទេសមហាអំណាយនានា ដោយជំរុញឱ្យពួកគេ ធ្វើជាគំរូល្អដោយលុបចោល ឬកាត់បន្ថយបំណុលរបស់ប្រទេសដែលក្រីក្រ។
សម្តេចប៉ាប បានមានបន្ទូលថា ព្រះជាម្ចាស់គឺជាអ្នកសម្រេចចិត្តដំបូងដែលអត់ទោសឱ្យអ្នកជំពាក់បំណុលគេ។
ទ្រង់បានមានបន្ទូលថា «ខ្ញុំលើកទឹកចិត្តអ្នកដឹកនាំប្រទេសដែលមានទំនៀមទម្លាប់គ្រីស្តសាសនា ធ្វើជាគំរូដោយលុបចោល ឬកាត់បន្ថយបំណុលរបស់ប្រទេសក្រីក្របំផុត»។
នៅក្នុងឱកាសនោះ សម្តេចប៉ាបក៏បានមានបន្ទូលដោយទូលអង្វរជាថ្មីសុំឲ្យពិភពលោករិះគិតអំពីការបញ្ចប់សង្រ្គាមដោយការសន្ទនា។ ទ្រង់សង្កត់ធ្ងន់ថា សង្រ្គាមគឺមិនអាចរកឃើញអ្នកឈ្នះឡើយ។ សង្រ្គាមអាចមានតែអ្នកចាញ់តែប៉ុណ្ណោះ៕