សម្តេច​ប៉ាប​អធិស្ឋាន​សុំ​សន្តិភាព​ក្នុង​ប្រទេស​កុងហ្គោ ខណៈ​ក្រុម​ឧទ្ទាម​វាយ​លុក​ក្រុង​ហ្គោម៉ា

សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូកាលពីថ្ងៃទី​២៩ ខែមករា បានអធិដ្ឋានជូនដល់​ជន​ស៊ីវិល​នៅ​ទីក្រុង​ហ្គោម៉ា ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ខណៈ​ក្រុម​ឧទ្ទាម​វាយ​លុក​ទីក្រុង​ភាគ​ខាងកើត​ដែល​ជាប់​ព្រំដែន​ប្រទេស​រ៉ូវ៉ាន់ដា។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលថា “​ទូលបង្គំជាខ្ញុំអធិដ្ឋាន និង បួងសួងឲ្យមានការស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខយ៉ាងឆាប់រហ័ស។ ទូលបង្គំជាខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍អន្តរជាតិ ខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី”។

សម្តេចប៉ាប ព្រួយបារម្ភចំពោះស្ថានភាពកាន់តែអាក្រក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយជំរុញឱ្យភាគីទាំងអស់ស្វែងរកសន្តិភាព​ និងការពារជនស៊ីវិលនៅក្នុងទីក្រុង​ហ្គោម៉ា និងតំបន់ជុំវិញ។

ការប្រយុទ្ធគ្នាបានកើនឡើងនៅក្នុងទីក្រុង​ហ្គោម៉ា ខណៈដែលក្រុមឧទ្ទាម M23 បានប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលដើម្បីគ្រប់គ្រងរដ្ឋធានីនៃខេត្ត​គីវូខាងជើង ( North Kivu)​ដែលមានប្រជាជនប្រមាណជា២​លាននាក់។

ក្រុមឧទ្ទាម M23 បានរឹបអូសយកអាកាសយានដ្ឋានកាលពីថ្ងៃអង្គារ ហើយចាប់តាំងពីពេលនោះមកបានស្វែងរកការបង្រួបបង្រួមការគ្រប់គ្រងរបស់ខ្លួនលើ​ហ្គោម៉ា​។

នៅក្នុងហេតុការណ៍នេះ អ្នកគ្រប់គ្រងព្រះសហគមន៍កាតូលិកនៅតំបន់ជម្លោះបានអះអាងថា ពលរដ្ឋ រង​ការបាញ់ផ្លោងជាបន្តបន្ទាប់ ហើយសូម្បីតែអគារនៅក្នុងព្រះសហគមន៍ក៏រងគ្រោះដោយការបាញ់ផ្លោងដាក់គ្នានេះដែរ  ស្របពេលដែលពលរដ្ឋប្រមាណជា​១លាននាក់ហើយដែលបានចាកចេញពី​លំនៅស្ថាន​នៅក្នុងទីក្រុង៕

Daily Program

Livesteam thumbnail