សម្តេចប៉ាបបន្តអធិដ្ឋានសុំសន្តិភាពនៅស៊ូដង់ ខណៈមនុស្សរាប់លាននាក់ប្រឈមនឹងគ្រោះទុរ្ភិក្ស
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន ជំរុញឲ្យមេដឹកនាំពិភពលោកឱ្យជួយស្វែងរកសន្តិភាពនៅក្នុង ជម្លោះនីស៊ូដង់ ខណៈអង្គការមនុស្សធម៌និយាយថា ពេលវេលាអស់ហើយសម្រាប់មនុស្សរាប់លាននាក់ក្នុងប្រទេសអាហ្វ្រិកមួយនេះ។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «ទូលបង្គំជាខ្ញុំសូមអញ្ជើញអ្នករាល់គ្នាឱ្យអធិស្ឋានសម្រាប់ប្រទេសស៊ូដង់ ជាកន្លែងដែលសង្រ្គាមដែលអូសបន្លាយជាងមួយឆ្នាំមកនេះ មិនទាន់រកឃើញដំណោះស្រាយដោយសន្តិវិធីនៅឡើយ ហើយសូមគ្រប់ភាគីរក្សាភាពស្ងៀមស្ងាត់»។
ថ្លែងនៅទីលានសន្តសិលា សម្តេចប៉ាបបានជំរុញមេដឹកនាំអន្តរជាតិនិងអាជ្ញាធរស៊ូដង់ឲ្យជួយស៊ូដង់និងជនភៀសខ្លួនជាច្រើនលាននាក់។
ទ្រង់បានបន្ថែមថា ៖ «សូមឱ្យជនភៀសខ្លួនស៊ូដង់ស្វែងរកការស្វាគមន៍ និងការការពារនៅក្នុងប្រទេសជិតខាង»។
សម្តេចប៉ាប ក៏បានអធិដ្ឋានទូលអង្វរ សុំសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល និងមីយ៉ាន់ម៉ាផងដែរ។
ទ្រង់បានមានបន្ទូលថា ៖ «ទូលបង្គំខ្ញុំសូមអំពាវនាវដល់ភាពឆ្លាតវៃរបស់មេដឹកនាំ ឲ្យបញ្ឈប់អំពើហិង្សា ហើយជំរុញនូវរាល់ការខិតខំប្រឹងប្រែងដែលអាចបង្កើនការ សន្ទនា និងការចរចាដើម្បីសន្តិភាព»។
នៅពេលដែលសម្តេចប៉ាបបានអំពាវនាវរកសន្តិភាព ពេលវេលាហាក់ដូចជាកំពុងអស់សម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសស៊ូដង់ ដែលប្រឈមនឹងគ្រោះទុរ្ភិក្ស។
ឥឡូវនេះ នៅពេលដែលសង្រ្គាមកាន់តែអូសបន្លាយ អង្គការមនុស្សធម៌បានបញ្ជូនការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយនិយាយថា ភាគីសង្រ្គាមកំពុងរារាំងជំនួយមិនឱ្យទៅដល់ប្រជាជន។
ការជូនដំណឹងចុងក្រោយនេះកើតឡើងបន្ទាប់ពីក្រុមមនុស្សធម៌អន្តរជាតិចំនួន១៩ស្ថាប័ន រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ១២ បានជំរុញឱ្យភាគីសង្រ្គាមបញ្ឈប់ការរារាំងជំនួយស្បៀងអាហារដល់ប្រជាជន រាប់លាននាក់ដែលកំពុងរស់ដោយភាព អត់ឃ្លាន។
តាមស្ថិតិបានឲ្យដឹងថា នៅក្នុងប្រទេសនេះមានកុមាររងគ្រោះប្រមាណជា ៣,៦លាននាក់កំពុងរស់នៅដោយអត់ឃ្លាន៕