សម្តេចប៉ាបជំរុញឲ្យឆ្មាំសន្តិសុខស្វីសបណ្តុះជីវិតសហគមន៍

សម្តេចហ្រ្វង់ស៊ីស្កូបានយាងស្វាគមន៍មន្ត្រីឆ្នាំសន្តិសុខស្វីសថ្មីនៅថ្ងៃនៃពិធីស្បថ ហើយលើកទឹកចិត្តពួកគេឱ្យបណ្តុះទំនាក់ទំនងជាមួយនឹងសង្គម ហើយយកចិត្តទុកដាក់នៅក្នុងការកសាងជីវិតសហគមន៍នៅក្នុងអំឡុងពេលដែលពួកគេបំពេញបេសកម្មនៅបុរីវ៉ាទីកង់។
ពិធីស្បថចូលបម្រើបេសកម្មសន្តិសុខនៅបុរីវ៉ាទីកង់នេះគឺត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៦ ខែឧសភា គឺចំថ្ងៃ ខួបនៃការលះបង់វីរភាពរបស់ឆ្មាំសន្តិសុខស្វីសចំនួន ១៤៧ នាក់ដែលបានស្លាប់ ខណៈពេលដែលការពារសម្តេចប៉ាបក្លេមេន ទី៧( Clement VII ) នៅក្នុងហេតុការណ៍មួយ ដែលបង្កបញ្ហាដោយក្នុងអំឡុងពេលផ្ទុះបាតុភាពមួយនៅទីក្រុងរ៉ូមកាលពីឆ្នាំ១៥២៧។
នាឱកាសនោះសម្តេចប៉ាបថ្លែងនូវការស្វាគមន៍ចំពោះមេបញ្ជាការឆ្មាំសន្តិសុខស្វីស និងសហការី ហើយបានថ្លែងអំណរគុណជាថ្មីចំពោះកងទ័ពស្វីសសម្រាប់វត្តមានរបស់ពួកគេនៅបុរីវ៉ាទីកង់។
សម្តេចប៉ាបបានមានបន្ទូលថា អរគុណសម្រាប់បេសកម្មដ៏ «សប្បុរស និងឧស្សាហ៍ព្យាយាម»។
សម្តេចប៉ាប ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រួសាររបស់ពួកគេ ដែលបានបង្កលក្ខណៈ ឱ្យមានលទ្ធភាពដែលពួកគេមកបំពេញបេសកម្មនៅបុរីវ៉ាទីកង់ តាមរយៈការផ្តល់ការចិញ្ចឹមបីបាច់ដ៏ល្អដល់កូនៗរបស់ពួកគេ។
សម្តេចប៉ាប បានគូសបញ្ជាក់ពីសារសំខាន់ នៃទំនាក់ទំនងសម្រាប់គ្រីស្តបរិស័ទទាំងអស់។ សម្តេចប៉ាបបានមានបន្ទូលថា «ទំនាក់ទំនងល្អ គឺជាផ្លូវសំខាន់សម្រាប់ការលូតលាស់ និងភាពចាស់ទុំរបស់មនុស្ស និងគ្រីស្តសាសនិករបស់យើង»។
សម្តេចប៉ាប បានរំលឹកទៀតថា ៖ «ភាគច្រើននៃអ្វីដែលកំណត់បុគ្គលិកលក្ខណៈរបស់យើង យើងបានរៀនតាមរយៈទំនាក់ទំនងជាមួយឪពុកម្តាយ បងប្អូនប្រុសស្រី មិត្តរួមសាលា គ្រូបង្រៀន មិត្តភក្តិ មិត្តរួមការងារ ហើយទំនាក់ទំនងគឺជាបទពិសោធដ៏សំខាន់សម្រាប់គ្រីស្តបរិស័ទ»៕
Daily Program
