សម្តេចប៉ាបចាប់ផ្តើមដំណើរទស្សនៈកិច្ច ទៅកាន់ប្រទេសលុចសំបួ និងបែលហ្ស៊ិក
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបានយាង ទៅដល់ប្រទេសលុចសំបួ ខណៈដែលទ្រង់ចាប់ផ្តើមដំណើរទស្សនៈកិច្ច លើកទី ៤៦ របស់ទ្រង់នៅក្រៅបុរីវ៉ាទីកង់ បន្ទាប់ពីទ្រង់ជួបគ្រិស្តបរិស័ទនៅទីលានសន្តសិលា ។
វ៉ាទីកង់ញូវបានរាយការណ៍ថា យន្តហោះរបស់សម្តេចប៉ាបបានចាកចេញពីអាកាសយានដ្ឋាននៅ ទីក្រុងរ៉ូមនៅម៉ោង៨ និង ២៩នាទី ព្រឹកថ្ងៃព្រហស្បតិ៍ តែនៅមុនពេលចាកចេញពីវិមាន ខាហ្សា សាន់តា ម៉ាតា ( Casa Santa Marta )សម្តេចប៉ាបបានជួបជាមួយក្រុមជនអនាថាប្រហែល ១០ នាក់ដែលដេកនៅតាមដងផ្លូវក្បែរទីលាន សន្តសិលាមួយភ្លែត ។
យន្តហោះរបស់ព្រះវបិតាដ៏បរិសុទ្ធបានចុះចតនៅអាកាសយានដ្ឋានលុចហ្សំបួរ នៅម៉ោង ៩ និង ៥៦ នាទីព្រឹក ។
គណប្រតិភូដែលអមដំណើរសម្តេចប៉ាបរួមមាន លោកកាឌីណាល់ ខុនរ៉ាដ ក្រាសូវស្គី (Konrad Krajewski) អ្នកទទួលបន្ទុកក្រសួងសេវាកម្មមនុស្សធម៌ ។
នៅពេលយាងដល់លុយហ្សំបួរ សម្តេចប៉ាបបានជួបសន្ទនាជាលក្ខណៈឯកជន ជាមួយនឹងលោក ហ្រ្គេន ឌុក ហេនរី (Grand Duke Henri) ប្រមុខរដ្ឋ លុចហ្សំបួ និង លោក ឡាក់ ហ្វ្រីដេន ( Luc Frieden) នាយករដ្ឋមន្ត្រី ក៏ដូចជាសុន្ទរកថាសាធារណៈដែលថ្លែងទៅកាន់អាជ្ញាធរស៊ីវិល និងស្ថាប័នការទូតរបស់ប្រទេស។
នៅពេលរសៀល សម្តេចប៉ាប បានជួបជាមួយសមាជិកនៃព្រះសហគមន៍កាតូលិក លុចហ្សំបួរ នៅវិហារ Notre-Dame មុនពេលហោះហើរទៅកាន់ទីក្រុងព្រុចសែល រដ្ឋធានីនៃប្រទេសបែលហ្សិក។