សម្តេចប៉ាបអំពាវនាវសុំជំនួយដល់រដ្ឋកាជីននៅមីយ៉ាន់ម៉ាដែលរងគ្រោះដោយការបាក់ដី

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានធ្វើការអំពាវនាវមួយ ដើម្បីជួយអ្នកដែលរងគ្រោះដោយសារគ្រោះ រអិលបាក់ដី នៅតំបន់ជីកយករ៉ែត្បូងក្នុងរដ្ឋកាជីនភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា និងសុំឱ្យគ្រីស្តបរិស័ទ អធិស្ឋានឲ្យក្រុមហ៊ុនផលិតអាវុធកែប្រែចិត្តគំនិត ព្រោះពួកគេបានរួមចំណែកដល់ការស្លាប់មនុស្សរាប់មិនអស់នៅក្នុងជម្លោះទូទាំងពិភពលោក។
ការអំពាវនាវរបស់សម្តេចប៉ាបបែបនេះ គឺនៅពេលដែលរដ្ឋកាជីន បានរងគ្រោះដោយការរអិលបាក់ដី ធ្ងន់ធ្ងរកាលពីព្រឹកថ្ងៃចន្ទសប្តាហ៍មុន។
គ្រោះបំណាក់ដីនៅរដ្ឋកាជីននេះ បានបណ្តាលឲ្យមានអ្នកស្លាប់ និងបាត់ខ្លួន ព្រមទាំងការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។
វ៉ាទីកង់ញូវបានរាយការណ៍ថា ផ្ទះអ្នកភូមិយ៉ាងហោចណាស់ ៥០ ខ្នងត្រូវកប់ដោយបំណាក់ដី ដូច្នេះហើយទ្រង់ក៏បានអំពាវនាវឲ្យមានជំនួយជួយដល់សហគមន៍ដែលរងផលប៉ះពាល់ ហើយទ្រង់ក៏មិនបានបំភ្លេចឡើយអំពីសង្រ្គាមនៅ អ៊ុយក្រែន មីយ៉ាន់ម៉ា ប៉ាឡេស្ទីន អ៊ីស្រាអែល និងប្រទេសជាច្រើនក្នុងពិភពលោក៕
Daily Program
