សម្តេចហ៊ុន សែន ស្នើឱ្យមានការស៊ើបអង្កេតរកអ្នកដែលជេរប្រមាថដោយប្រើភាសាវៀតណាម
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាមានការភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុក (TikTok)ដែលសម្តេចបានបង្ហោះប៉ុន្មានថ្ងៃកន្លងមកនេះ ដែលមតិទាំងនោះសរសេរជាភាសាវៀតណាម។
សម្តេចតេជោបានបន្តថា មិនដឹងជនជាតិវៀតណាមចូលជេរសម្តេចពីពេលណាមកព្រោះមើលតែ៤វីដេអូដែលបានបង្ហោះឃើញរាប់សិបនាក់ចូលមកជេរ។
សម្តេចបញ្ជាក់ថា «កាលឆ្នាំ២០១៦.២០១៧ មានជាង២០០០នាក់ចូលមកជេរខ្ញុំតាម
Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស
ងៀង ហ្វូចុងរឿងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង»។
សម្តេចតេជោ ហ៊ុន បានបន្ថែមទៀតថា ពេលនេះពួកគេចូលមកជេរតាម
Tik tokម្តងប្រហែលជាក្រោយពេលសម្តេចនិយាយរឿងព្រែកជីកហ្វូណនតេជោ។
សម្តេចថា «ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា?វៀតណាមនៅក្នុងប្រទេសវៀតណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូន
ខ្មែរក្រោមដែលមានគណនីតិចតុកនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរ
ខ្មែរផង»។
ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះគឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។
ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្តេចតេជោជាអ្នកណា?។ នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចតេជោ។
សម្តេចសង្កត់ធ្ងន់ថា «ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថា ប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់»។
ក្រោយពីការស្នើរបស់ប្រធានព្រឹទ្ធភាដូចនេះ កម្ពុជា ស្នើវៀតណាមផ្តល់កិច្ចសហការស្រាវជ្រាវករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោកNguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
លោក សុខ ចិន្តាសោភា បានលើកសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយល់ស្របមតិថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ៕