សម្តេចប៉ាប អរគុណការលើកកម្ពស់សន្តិភាព ដោយការប្រគុំតន្ត្រី
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន ផ្ញើសារជាវីដេអូក្នុងឱកាសនៃការប្រគុំតន្ត្រីសាមគ្គី 'Cadena 100 for Peace' ដែលរៀបចំដោយក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិក អេស្ប៉ាញ ដែលរៀបចំឡើងក្នុង គោលបំណងលើកកម្ពស់សន្តិភាព និងជួយអ្នកដែលរងទុក្ខ។
សម្តេចប៉ាបបានបញ្ជាក់នៅក្នុងសារនោះថា ៖ «ទូលបង្គុំជាខ្ញុំសូមអរគុណដល់សិល្បករដែលចេះរួបរួមជាមួយនឹងទឹកចិត្តសប្បុរសធម៌នេះ ដើម្បីជួយជនរងគ្រោះស្លូតត្រង់ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺសិល្បករប្រែក្លាយតន្ត្រីទៅជាអ្នកនាំសារ និងក្លាយឧបករណ៍កសាងស្ពាននៃសន្តិភាពនៅលើពិភពលោក»។
ជាមួយនឹងពាក្យនៃការដឹងគុណទាំងនេះនៅក្នុងសារជាវីដេអូ សម្តេចប៉ាប បានថ្លែងទៅកាន់អ្នករៀបចំការប្រគុំតន្ត្រីសាមគ្គី «Cadena 100 for Peace»ថា ការប្រគុំតន្ត្រីនេះនឹងបម្រើឱ្យកិច្ចសហប្រតិបត្តិការលើគម្រោងដែល Manos Unidas ដែលជា អង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសអេស្ប៉ាញ ហើយកំពុងតែចែកចាយជំនួយមនុស្សធម៌ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសង្រ្គាមនៅមជ្ឈិមបូព៌ា។
ឆ្នាំនេះ គឺជាលើកទី១៥ហើយ នៃគំនិតផ្តួចផ្តើមនេះ ដែលសិល្បករជាតិ និងអន្តរជាតិ បានចូលរួមបញ្ចេញសំឡេង ដើម្បីអង្វរសុំសន្តិភាព។
នៅក្នុងសារនេះ សម្តេចប៉ាប ក៏បានលើកឡើងនូវទុក្ករបុគ្គលនៅអ៊ុយក្រែន ប៉ាឡេស្ទីន និងអ៊ីស្រាអែល។
សម្តេចប៉ាបបានរំលឹកពីចំនួនប្រជាជនដែលរងគ្រោះដោយការបំផ្លិចបំផ្លាញ ដោយសង្រ្គាមនិងអំពើហិង្សានានាដែលកំពុងតែកើតមានឡើងនៅលើពិភពលោក៕