សម្តេចប៉ាប អញ្ជើញឆ្មាំសន្តិសុខស្វីសឲ្យបណ្តុះមិត្តភាពជាមួយព្រះគ្រីស្ត

ក្នុងឱកាសនៃពិធីស្បថចូលកាន់តំណែងថ្មីរបស់ឆ្មាំសន្តិសុខស្វីសប្រចាំនៅបុរីវ៉ាទីកង់ សម្តេចប៉ាបឡេអូទី១៤ បានថ្លែងអំណរអរគុណពួកគេសម្រាប់បេសកកម្មដ៏មានតម្លៃមិនអាចកាត់ថ្លៃបានចំពោះការការពាររបស់ពួកគេ ហើយបានអញ្ជើញពួកគេឲ្យបណ្តុះ ជំនឿ និងមិត្តភាព ជាមួយព្រះជាម្ចាស់បន្ថែមទៀត ទោះបីជាពួកគេគឺជាអ្នកដែលមានជំនឿរឹងមាំស្រេចទៅហើយក៏ដោយ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា តាំងពីដើមដំបូងនៃការចូលមកដឹកនាំសន្តអាសនៈ ឆ្មាំសន្តិសុខស្វីសជាទីគោរព ពួកអ្នក ពិតជាអ្នកបម្រើដ៏ស្មោះត្រង់ដល់គ្រីស្តបរិស័ទជាពិសេសគឺអង្គព្រះគ្រីស្ត ដែលបានអនុវត្តនូវបេសកកម្មនិងបទបញ្ជាដ៏ប្រាកដប្រជា។
សម្តេចប៉ាបឡេអូក៏បានបន្តជំរុញនិងលើកទឹកចិត្តក្រុមមន្រ្តីឆ្មាំសន្តិសុខស្វីស រក្សាភាពស្មោះត្រង់ចំពោះដំណឹងល្អ និងចំពោះតម្លៃមូលដ្ឋាននៃជំនឿ ហើយរស់នៅក្នុងបេសកកម្មនេះដោយភាពជឿជាក់ ដោយដាក់ខ្លួន ខណៈដែលពួកគេកំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ការផ្លាស់ប្តូរសេដ្ឋកិច្ច ភាពតានតឹងក្នុងសង្គម បដិវត្តន៍ឌីជីថល បញ្ញាសិប្បនិម្មិត និងការពិតដ៏ស្មុគស្មាញផ្សេងទៀត ដែលតម្រូវឱ្យឈ្វេងយល់និងការទទួលខុសត្រូវ៕
Daily Program
