សម្តេចប៉ាប ឡេអូ ទី ១៤ អធិស្ឋាននៅផ្នូររបស់សម្តេចហ្រ្វង់ស៊ីស្កូ

ក្នុងអំឡុងពេលយាងដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់ទ្រង់នៅខាងក្រៅបុរីវ៉ាទីកង់ សម្តេចប៉ាបឡេអូ ទី១៤ បាន យាងចូលវិមានសន្តីម៉ារី មេយ័រ បាស៊ីលីកា(Basilica of St. Mary Major) ហើយក៏បានយាងទៅផ្នូររបស់សម្តេច សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅទីនោះសម្តេចប៉ាប បានអធិស្ឋាននៅមុខផ្នូររបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ និងរូបតំណាងរបស់ព្រហ្មចារិនី ម៉ារី សាឡឹ ប៉ូពូលី រ៉ូម៉ានី ( Virgin Mary Salus Populi Romani) ។
ប្រភពដដែលបានបន្តថា នេះគឺជាដំណើរដំបូងនៃកម្មវិធី៤៨ ម៉ោងក្រោយពេលដែលទ្រង់ ត្រូវបានជ្រើសរើសជាសម្តេចប៉ាប ហើយទ្រង់បានយាងចេញក្រៅបុរីវ៉ាទីកង់លើកដំបូងនៅក្នុង នាមជាសម្តេចប៉ាប ។
នៅក្នុងអំឡុងពេលដែលទ្រង់យាងចេញពីបុរីវ៉ាទីកង់ដំបូងនេះ ទ្រង់ល៏បានយាងដំណើរទៅកាន់ទីសក្តារៈបូជា ជីណាហ្សាណូ (Genazzano) ដែលគេដឹងថា មានចម្ងាយប្រមាណជា ៦៤គីឡូម៉ែត្រពីទីក្រុងរ៉ូមផងដែរ ។
នៅទីនោះសម្តេចប៉ាបបានមានបន្ទូលថា កន្លែងនោះជាកន្លែងដ៏មានអត្ថន័យនៃជីវិតជាអ្នកបម្រើព្រះសហគមន៍ដែលព្រះជាម្ចាស់បានប្រគលជូនទ្រង់។
ទីនោះត្រូវបានគេដឹងថា គឺជាកន្លែងដ៏មានអត្ថន័យនៃព្រះសហគមន៍កាតូលិក ជាពិសេសព្រះសហគមន៍ដែលគង្វាលដោយក្រុមសន្តអូហ្គូស្ទីន (Augustinian) តាំងពីឆ្នាំ១២០០ មក។
នេះគឺជាដំណើរទស្សនៈកិច្ចជាលក្ខណៈឯកជនទេ ដោយនៅទីនោះទ្រង់បានយាងទៅអាសនៈព្រហ្មចារិនី ម៉ារី ដែលគេដឹងថា គឺមានផ្ទាំងគំនូរបុរាណមួយមកពីអាល់បានី ដែលទ្រង់ចាប់អារម្មណ៍បំផុត ហើយទ្រង់ក៏បានអធិដ្ឋាននៅទីនោះផងដែរ៕
Daily Program
