សម្តេចប៉ាប ទទួលជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងនៅបុរីវ៉ាទីកង់
សម្តេចប៉ាបឡេអូ ទី១៤ បានយាងទទួលជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យុង ក្នុងឱកាសជួបពិភាក្សាជាឯកជននៅបុរីវ៉ាទីកង់ នៅថ្ងៃទី១៥ ខែមិថុនា ហើយនៅក្នុងជំនួបនោះ មេដឹកនាំទាំងពីរក៏បាន បញ្ជាក់ជាថ្មីអំពីទំនាក់ទំនងយូរអង្វែងរវាងបុរីវ៉ាទីកង់ និង កូរ៉េខាងត្បូង។
ជំនួបនោះត្រូវបានធ្វើឡើងនៅវិមានអាប៉ូស្តូលីក ជាកន្លែងដែលសម្តេចប៉ាបឡេអូតែងតែបានស្វាគមន៍មេដឹកនាំកូរ៉េខាងត្បូងក្នុងអំឡុងពេលទស្សនកិច្ចមកកាន់បុរីវ៉ាទីកង់។
បន្ទាប់ពីជំនួបជាមួយសម្តេចប៉ាបឡេអូ ទី១៤ ប្រធានាធិបតី លី ក៏បានជួបជាមួយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់ និងលោកអគ្គអភិបាល ប៉ូល រីឆាដ ហ្គាឡាហ្គឺរ រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ។
ក្នុងអំឡុងពេលពិភាក្សានៅលេខាធិការដ្ឋានបុរីវ៉ាទីកង់ ភាគីទាំងពីរបានគូសបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំរវាងបុរីវ៉ាទីកង់ និងកូរ៉េខាងត្បូង ដែលបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៦៣។
ក្នុងរយៈពេល៦ទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងនៅតែជិតស្និទ្ធ ដែលត្រូវបានសម្គាល់ដោយដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបទៅកាន់ប្រទេសអាស៊ីបូព៌ាជាបន្តបន្ទាប់។ សម្តេចប៉ាប សន្តយ៉ូហាន ប៉ូល ទី២ បានយាងទៅទស្សនកិច្ចកូរ៉េខាងត្បូងក្នុងឆ្នាំ១៩៨៤ និង១៩៨៩ ខណៈដែលសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានយាង ដំណើរទៅទីនោះក្នុងឆ្នាំ២០១៤ ។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យព័ត៌មានសន្តអសនៈ កិច្ចពិភាក្សាក៏បានទទួលស្គាល់នូវការចូលរួមចំណែករបស់ព្រះសហគមន៍ នៅក្នុងសង្គមកូរ៉េខាងត្បូង ជាពិសេសនៅក្នុងវិស័យអប់រំ និងសុខុមាលភាពសង្គម។
ការពិភាក្សានេះក៏រួមបញ្ចូលទាំងការពិភាក្សាអំពីការរៀបចំសម្រាប់ទិវាយុវជនពិភពលោកឆ្នាំ ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល រដ្ឋធានីនៃប្រទេសកូរ៉េខាងត្បូងផងដែរ។