សម្តេចប៉ាប កាន់ទុក្ខសម្រាប់ជនចំណាកស្រុកលិចទូកស្លាប់នៅយេម៉ែន

សម្តេចប៉ាប ឡេអូទី១៤ បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការលិចកប៉ាល់ជនចំណាកស្រុកនៅឆ្នេរសមុទ្រយេម៉ែន។
តាមរយៈសាររំលែកទុក្ខ សម្តេចប៉ាបឡេអូ បានបង្ហាញនូវសេចក្តីរន្ធត់ចំពោះការបាត់បង់ជីវិតរបស់ ជនចំណាកស្រុកជាច្រើន ហើយទ្រង់បានអធិស្ឋានដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត និង អំពាវនាវឲ្យមានការយកចិត្តទុកដាក់សម្រាប់អ្នករស់រានមានជីវិត។
នៅពេលនេះឈូងសមុទ្រ អេដេន(Aden)បានក្លាយជាចំណុចឆ្លងកាត់ដ៏សំខាន់មួយសម្រាប់នាវារបស់អ្នករត់ពន្ធមនុស្សដែលធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងតំបន់តាមបណ្តោយ ឈូងសមុទ្រនៃប្រទេសអ្នកមានផ្សេងទៀត ដែលពឹងផ្អែកលើកម្លាំងពលកម្មបរទេស។
ផ្លូវនេះបន្តទាក់ទាញចំនួនជនចំណាកស្រុកដែលកំពុងកើនឡើង ជាពិសេសមកពីប្រទេសសូម៉ាលី និងអេត្យូពី។
នាវាដែលរងគ្រោះបានលិច កាលពីថ្ងៃទី ៣ ខែសីហា ហើយត្រូវបានគេរាយការណ៍ថាបណ្តាលមកពីអាកាសធាតុអាក្រក់។ វាបានបណ្តាលឲ្យមនុស្សជាច្រើនស្លាប់ និងបាត់ខ្លួន។
ជនរងគ្រោះនៅលើនាវានោះត្រូវបានគេដឹងថា មាន១៥៧ នាក់ រហូតមកដល់ពេលនេះ មានមនុស្សចំនួន ៧៦ នាក់ដែលត្រូវបានបញ្ជាក់ថាស្លាប់ អ្នករស់រានមានជីវិតចំនួន ៣២ នាក់ ហើយមនុស្សរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន៕
Daily Program
