សម្តេចប៉ាប៖ សូមលុបបំបាត់ការជួញដូរ និងការពារសេចក្តីថ្លៃថ្នូរ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើសារ​មួយ​ជូនអ្នកចូលរួមក្នុង​ទិវាអន្តរជាតិនៃការអធិស្ឋាន និងការយល់ដឹងលើកទី១១ ស្តីពីការ​ប្រឆាំងនឹងការជួញដូរមនុស្ស។

វ៉ាទីកង់ញូវបានរាយការណ៍ថា សារដែលបានចេញកាលពីថ្ងៃទី ០៨ ខែកុម្ភៈនេះ ក៏បានសរសើរការងាររបស់អ្នកដែលប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃទាសភាពនៅក្នុងយុគសម័យទំនើបផងដែរ។

នាឱកាសនោះសម្តេចប៉ាប បានជំរុញឱ្យគ្រីស្តបរិស័ទ និងប្រជាជនទាំងអស់ដែលមានសុច្ឆន្ទៈប្រឆាំងនឹងរបបទាសភាព សូមចូលរួមប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចលើជនងាយរងគ្រោះទាំងឡាយ។

នាឱកាសនោះសម្តេចប៉ាបក៏បានមានបន្ទូលលើកឡើងនូវវីរភាពរបស់សន្តី យ៉ូសែហ្វីន បាឃីតា (Josephine Bakhita) ដែលជាស្រ្តីជនជាតិស៊ូដង់ម្នាក់ បានតស៊ូតាំងពីកុមារភាពប្រឆាំងនឹងរបបទាសភាព រហូតដល់ក្លាយជាបងស្រីបម្រើព្រះសហគមន៍។

សម្តេចប៉ាបបានរំលេចទៀតថា នៅពេលដែលយើងកំពុងតែចូលរួម​ក្នុងឆ្នាំ​មហាករុណាទិគុណ យើងក៏ត្រូវសួរខ្លួនយើងផងដែរថា តើយើងអាចចិញ្ចឹមក្តីសង្ឃឹមនោះសម្រាប់មនុស្សរាប់លាននាក់ដែលជាប់នៅក្នុងទាសភាពសម័យទំនើបដែរឬទេ។

សម្តេចប៉ាប​ បានចោទជាសំណួរចំហរថា “តើយើងទទួលបានកម្លាំងជំរុញថ្មីពីណា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសរីរាង្គនិងជាលិការបស់មនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារានិងកុមារី ពលកម្មដោយបង្ខំរួមទាំងពេស្យាចារ ការជួញដូរគ្រឿងញៀន និងការជួញដូរអាវុធ?”។

សម្តេចប៉ាបមាន​បន្ទូលទៀតថា យើងជាគ្រីស្តបរិស័ទ គឺគួរតែជាប្រភពនៃក្តីសង្ឃឹម និងកម្លាំងសម្រាប់អ្នកដែលរងគ្រោះដោយការជួញដូរមនុស្ស និងសម្រាប់អ្នកដែលស្វែងរកការប្រយុទ្ធប្រឆាំងនឹងគ្រោះក៏អាក្រក់នេះ។

សម្តេចប៉ាប ក៏បានមានបន្ទូលលើកសរសើរនូវស្នាដៃនិងវីរៈភាពរបស់​​យុវជនជាច្រើនជុំវិញពិភពលោក ដែលបានធ្វើកិច្ចការទាក់ទងនឹង​ជនរងគ្រោះ និងអ្នករស់រានមានជីវិត។

សម្តេចប៉ាបបានមានបន្ទូល​ថា​ ដោយយើង​មាន​ជំនួយ​ពី​ព្រះជាម្ចាស់ យើង​អាច​ជៀសផុត​ពី​ភាព​​​ស៊ាំ​នឹង​​អយុត្តិធម៌ និង​​ការ​ល្បួង ដែល​តែង​គិត​ថា​​អំពើជួញដូរមនុស្សជា​បាតុភូត​មួយ​មិន​អាច​លុប​បំបាត់​បាន​នោះ៕

Daily Program

Livesteam thumbnail