សម្តេចប៉ាប៖ សូមព្រះជាម្ចាស់នាំផ្លូវមេដឹកនាំពិភពលោកឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង
សម្តេចប៉ាបឡេអូទី១៤ បានបន្តទូលអង្វរដល់ព្រះជាម្ចាស់ឲ្យព្រះអង្គជួយបំភ្លឺផ្លូវមេដឹកនាំពិភពលោកឲ្យនាំគ្នារិះគិតអំពីសន្តិភាព។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលដែលសម្តេចប៉ាបឡេអូយាងដឹកនាំពិធីសូត្រផ្គាំនៅសួន Lourdes Grotto ដែលជាសួនផ្កានៅបុរីវ៉ាទីកង់ សម្តេចប៉ាបឡេអូបានទូលអង្វរសូមឲ្យព្រះជាម្ចាស់ និង ព្រះនាងព្រហ្មចារនី ម៉ារីផ្តល់អំណោយនៃសន្តិភាពដល់មនុស្សជាតិ ។
នៅចំពោះមុខគ្រីស្តបរិស័ទប្រមាណជា១សែននាក់ ដែលបានចូលរួមពិធីនេះដោយរួមទាំងអ្នកធ្វើធម្មយាត្រាចូលរួមដោយផ្ទាល់២ពាន់នាក់ និងអ្នកចូលរួមដោយប្រយោលជាង១សែននាក់ មកពីប្រទេសនិងដែនដីសរុបចំនួ២០០ មកពីជុំវិញពិភពលោក សម្តេចប៉ាបឡេអូ បានអំពាវនាវឱ្យមានការអធិស្ឋានសម្រាប់សន្តិភាព។
សម្តេចប៉ាបឡេអូបានទូលអង្វរព្រះជាម្ចាស់និងព្រះនាងម៉ារីថា សូមឲ្យព្រះវិញ្ញាណបរិសុទ្ធ បំភ្លឺសតិសម្បជញ្ញៈរបស់អ្នកដែលមានអំណាច និងណែនាំការសម្រេចចិត្តរបស់ពួកគេឆ្ពោះទៅរកការស្វែងរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា សូមរិះគិតអំពីសន្តិភាព ពីព្រោះសង្រ្គាមមានតែគ្រោះមហន្តរាយ អ្នកបាត់បង់ជីវិត សម្រែកនៃការឈឺចាប់ និង ទុក្ខវេទនាគ្រប់យ៉ាង ។