សម្តេចប៉ាប៖ ព្រះវិញ្ញាណបរិសុទ្ធតែងតែបង្ហាញ និងផ្តល់នូវមាគ៌ាទៅរកសេរីភាព
នៅក្នុងពេលចូលរួមសាវនាការអប់រំជំនឿប្រចាំសប្តាហ៍នៅថ្ងៃពុធ កន្លងទៅថ្មីៗនេះ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូលពន្យល់គ្រីស្តបរិស័ទ ឲ្យយល់ច្បាស់អំពីព្រះវិញ្ញាណបរិសុទ្ធ និងសេរីភាព។
សម្តេចប៉ាប បានមានបន្ទូលដោយយកព្រះវិញ្ញាណបរិសុទ្ធមកពន្យល់ ឆ្លុះបញ្ចាំងអំពីព្រះគ្រីស្តថា ជាប្រភពនៃបាតុភូតចិត្ត និងវិញ្ញាណដ៏មានឥទ្ធិពល។
សម្តេចប៉ាបបានមានបន្ទូលទៀតថា ព្រះវិញ្ញាណបរិសុទ្ធគឺប្រៀបបាននឹងខ្យល់ដែលចាំបាច់សម្រាប់ជីវិត ហើយត្រូវដើរទន្ទឹមគ្នានឹងជីវិត ដែលត្រូវតែរិះគិត។
ទ្រង់បានមានបន្ទូលថា ព្រះវិញ្ញាណបរិសុទ្ធមិនមែនជាសំពាធទេ តែជាកម្លាំង ឬជាឥទ្ធិពលបណ្តាលនៃជំនឿលើព្រះគ្រីស្ត ហើយទ្រង់តែងតែផ្តល់សេរីភាពនិងបើកចំហរ ។
សម្តេចប៉ាបបានមានបន្ទូលទៀតថា គ្មានកន្លែងណាដែលអាចទប់ស្កាត់ខ្យល់មិនអោយចេញមិនអោយចូលបានទេ ដូច្នេះក៏គ្មានកន្លែងណាដែលកំណត់សេរីភាពនៃជំនឿ និងដាក់សំពាធលើព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះគ្រីស្តមិនអោយចូលទៅក្នុងចិត្តរបស់គ្រីស្តបរិស័ទដែរ សំខាន់គឺការទទួលស្គាល់ និងការស្ម័គ្រចិត្តបើកចំហរ និងទទួលដោយក្តីស្រលាញ់៕