សម្តេចប៉ាប៖ ជនជាតិដើមភាគតិចមានសិទ្ធិរក្សាអត្តសញ្ញាណវប្បធម៌

ទឹក ដី និងអាហារមិនមែនគ្រាន់តែជាទំនិញប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃជីវិត និងចំណងជនជាតិដើមភាគតិចជាមួយនឹងធម្មជាតិ ដូច្នេះសម្តេចប៉ាបហ្រ្វង់ស៊ីស្កូមានបន្ទូលថា បងប្អូនជនជាតិភាគតិចមានសិទ្ធិរក្សាអត្តសញ្ញាណវប្បធម៌របស់ពួកគេ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការកត់សំគាល់របស់សម្តេចប៉ាប គឺបញ្ជាក់ឡើងនៅក្នុងសារមួយផ្ញើទៅកាន់វេទិកាជនជាតិដើមភាគតិចលើកទី៧ ដែលរៀបចំដោយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) របស់អង្គការសហប្រជាជាតិ ដែលបានរៀបចំឡើង នៅទីក្រុងរ៉ូមនៅថ្ងៃទី១០ ដល់ ថ្ងៃទី ១១ ខែកុម្ភៈ ក្រោមប្រធានបទ «សិទ្ធិជនជាតិដើមភាគតិចក្នុងការសម្រេចចិត្តដោយខ្លួនឯង៖ ផ្លូវសម្រាប់សន្តិសុខស្បៀង និងអធិបតេយ្យភាព»។
នៅក្នុងសារនោះ សម្តេចប៉ាបបានមានបន្ទូលថា ជនជាតិដើមភាគតិចមានសិទ្ធិរក្សាអត្តសញ្ញាណរបស់ពួកគេ ប៉ុន្តែបានកត់សម្គាល់ថា សិទ្ធិនេះត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយការកើនឡើងនៃការរឹបអូសយកដីស្រែចម្ការដោយក្រុមហ៊ុនសាជីវកម្មចម្រុះជាតិសាសន៍ និងរដ្ឋមួយចំនួន។
សម្តេចប៉ាបបានបង្ហាញនូវការសោកស្តាយថា ការរឹបអូសទាំងនេះបានបង្កគ្រោះថ្នាក់យ៉ាងច្រើនដល់ជនជាតិដើមភាគតិច និងបង្កហានិភ័យដល់សិទ្ធិរស់នៅដ៏ថ្លៃថ្នូររបស់សហគមន៍ជនជាតិដើមភាគតិចនៅលើពិភពលោក។
សម្តេចប៉ាប បានមានបន្ទូលថា ការការពារសិទ្ធិរក្សាវប្បធម៌ និងអត្តសញ្ញាណទាមទារឱ្យទទួលស្គាល់តម្លៃចូលរួមចំណែកក្នុងសង្គម ព្រមទាំងការការពារអត្ថិភាព និងធនធានធម្មជាតិដែលចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ពួកគេ។
សម្តេចប៉ាប បានមានបន្ទូលបន្ថែមថា ការការពារសិទ្ធិជនជាតិដើមភាគតិច គឺជាបញ្ហានៃយុត្តិធម៌ ក៏ដូចជាមធ្យោបាយមួយដើម្បីធានាអនាគតប្រកបដោយចីរភាពសម្រាប់មនុស្សជាតិទាំងអស់៕
Daily Program
