សម្តេចប៉ាប៖ គ្រីស្ទបរិស័ទត្រូវតែបញ្ជាក់ឡើងវិញនូវសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប
នៅក្នុងសារមានបន្ទូលទៅកាន់អង្គសន្និសិទអន្តរគ្រិស្តសាសនា លើកទី១៧ កាលពីថ្ងៃទី២៨ ខែសីហា សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូលថា គ្រិស្តបរិស័ទទាំងអស់ត្រូវតែបញ្ជាក់ឡើងវិញនូវសេចក្តីថ្លៃថ្នូរខាងក្នុងរបស់មនុស្សគ្រប់រូប នៅពេលប្រឈមមុខនឹងបញ្ហាប្រឈមនានានៅក្នុងសម័យ សហសម័យនាពេលនេះ។
នៅក្នុងសារនោះ សម្តេចប៉ាប បានលើកឡើងពី បដិវត្តន៍ពេញលេញ" នៅក្នុងផ្នែកនរវិទ្យាសហសម័យ ដែលជាការគិតឡើងវិញអំពីអត្តសញ្ញាណមនុស្ស តួនាទីរបស់មនុស្សនៅក្នុងពិភពលោក និងសង្គម ព្រមទាំងវិជ្ជាជីវៈដ៏វិសេសវិសាលរបស់មនុស្សគ្រប់រូប។
សម្តេចប៉ាបក៏បានបន្តមានបន្ទូលថា វិធីដែលបុរស និងស្ត្រីនាពេលបច្ចុប្បន្ននេះយល់ពីបទពិសោធន៍ជាមូលដ្ឋាននៃអត្ថិភាពរបស់ពួកគេ ដូចជាការបង្កកំណើត ការកើត និងការស្លាប់ កំពុងផ្លាស់ប្តូរតាមលំដាប់។
សម្តេចប៉ាបកត់សម្គាល់ថា បញ្ហាបែបនេះត្រូវបានជំរុញដោយបដិវត្តន៍បច្ចេកវិទ្យាព័ត៌មាន រួមទាំងការអភិវឌ្ឍន៍បញ្ញាសិប្បនិមិត្ត និងការវិវឌ្ឍន៍ដ៏អស្ចារ្យក្នុងវិទ្យាសាស្ត្រ។
ទ្រង់បានមានបន្ទូល ថា ការពិតនៃ "បដិវត្តន៍នរវិទ្យា" នេះ ទាមទារ "ការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅ ដែលអាចបន្តការគិត និងជម្រើសដែលត្រូវធ្វើ" ។
ទ្រង់បានមានបន្ទូលលើកឡើង ថា វាជាបញ្ហាប្រឈមមួយដែល «ប៉ះពាល់ដល់គ្រិស្តបរិស័ទទាំងអស់ ដូច្នេះការការពារសេចក្តីថ្លៃថ្នូរនេះប្រឆាំងនឹងការគំរាមកំហែងពិតប្រាកដដូចជាភាពក្រីក្រ សង្គ្រាម ការកេងប្រវ័ញ្ច និងបញ្ហាផ្សេងទៀតគឺជាការប្តេជ្ញាចិត្តរួមសម្រាប់ព្រះសហគមន៍ ដើម្បីធ្វើការរួមគ្នា" ។