សម្តេចប៉ាប៖ ការអប់រំសុវត្ថិភាពនៅលើផ្លូវត្រូវតែចាប់ផ្តើមពីនៅក្នុងសាលារៀន
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូលថាការអប់រំសុវត្ថិភាពនៅលើផ្លូវថ្នល់ទាំងឡាយគឺគួរតែត្រូវចាប់ផ្តើមតាំងពីក្នុងសាលារៀនឡើងទៅ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានសង្កត់ធ្ងន់លើរឿងនេះនៅក្នុងសុន្ទរកថារបស់ទ្រង់ទៅកាន់ប្រធាន និងនាយកនៃសហព័ន្ធរថយន្តអ៊ីតាលីនៅបុរីវ៉ាទីកង់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈដែលទ្រង់ បានបង្ហាញនូវហឫទ័យយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ។
សម្តេចប៉ាបបានមានបន្ទូលទៀថា ការអប់រំ និងការការពារបរិស្ថានគឺជាផ្នែកពីរដែលរួមចំណែកដល់ការផ្តល់នូវអនាគតដ៏ល្អប្រសើររបស់មនុស្សជាតិ។
នៅក្នុងសុន្ទរកថានោះ សម្តេចប៉ាបបានមានបន្ទូលថា នៅក្នុងយុគសម័យនៃការផ្លាស់ប្តូរដូចបច្ចុប្បន្ននេះ មនុស្សជាតិគួរតែរិះគិតអំពី សុខុមាលភាព និងសុវត្ថិភាព ហើយការអបរំដែលមានប្រសិទ្ធភាព គឺគួរតែចាប់ផ្តើមឡើងតាំងពីការអប់រំនៅតាមសាលាតាំងពីដំបូង ។
សម្តេចប៉ាបក៏បានមានបន្ទូលថ្លែងអំណរអរគុណដល់អ្នកពាក់ព័ន្ធនានាដែលបានខិតខំផ្តល់ សេវាកម្មរបស់ពួកគេដល់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុវត្ថិភាពនៅលើផ្លូវ ហើយលើកទឹកចិត្តឲ្យមានការពង្រឹងការអប់រំយុវជននិងកុមារនៅក្នុងសាលារៀន អំពីបញ្ហាបរិស្ថាននិងចរាចរណ៍ ដើម្បីឲ្យសង្គមទទួលយកនូវនិរន្តរភាព។