សម្តេចប៉ាប៖ ការស្វែងរកសន្តិភាព គឺជាការទទួលខុសត្រូវទាំងអស់គ្នា
នៅក្នុងអំឡុងពេលដែលគ្រិស្តបរិស័ទកំពុងតែរង់ចាំប្រារព្ធពិធីបុណ្យព្រះយេស៊ូប្រសូត្រ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានព្រមានថា ប្រសិនបើ «ការបន្ទាបខ្លួន និងភាពព្រងើយកន្តើយចំពោះភាពភ័យរន្ធត់នៃសង្រ្គាមបានឈ្នះ នោះមនុស្សជាតិទាំងអស់នឹងត្រូវចាញ់»។
សម្តេចប៉ាបបានមានបន្ទូលកាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៤ថា ការស្វែងរកសន្តិភាពគឺជាការទទួលខុសត្រូវរបស់មនុស្សទាំងអស់គ្នា ដូច្នេះគ្រប់គ្នាត្រូវតែខិតខំស្វែងរកសន្តិភាព ។
សម្តេចប៉ាប បានមានបន្ទូលថា ៖ «ទូលបង្គំជាខ្ញុំសង្ឃឹមថាភាពភ្លឺស្វាងនៃសន្តិភាពដែលបានលេចឡើងអាចនាំឱ្យមានបទឈប់បាញ់នៅគ្រប់ផ្នែកផ្សេងទៀតនៃពិភពលោក»។
សម្តេចប៉ាបបានមានបន្ទូល សំដៅទៅលើកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានរវាងក្រុមហេសបូឡាហ៍នៅលីបង់ និងអ៊ីស្រាអែល ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារយៈពេល ១៣ ខែ។
ដោយផ្អែកលើបញ្ហានេះ សម្តេចប៉ាបក៏បានជំរុញប្រជាជនលីបង់ឲ្យបោះឆ្នោតជ្រើសរើសប្រធានាធិបតី ហើយទ្រង់បានលើកទឹកចិត្តថា "សូមសម្រេចចិត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" ដើម្បីឱ្យស្ថាប័នរដ្ឋអាចត្រឡប់ទៅដំណើរការធម្មតា ដំណើរការកំណែទម្រង់ចាំបាច់ និងធានាថាប្រទេសនេះនៅតែជាគំរូនៃការរួមរស់ដោយសន្តិភាពក្នុងចំណោមសាសនាផ្សេងៗគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចោទប្រកាន់ភាគីម្ខាងទៀតថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ខណៈដែលមានសេចក្តីរាយការណ៍ថា កងកម្លាំងអាកាសអ៊ីស្រាអែល បានវាយប្រហារទីតាំងហេសបូឡា មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ត្រូវបានចុះហត្ថលេខា៕