សម្តេចប៉ាប៖ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូជាពន្លឺបំភ្លឺក្តីសង្ឃឹមរបស់មនុស្សជាតិ

លោកកាឌីណាល់ ជីអូវាន់នី បាទីស្តា (Giovanni Battista) ព្រឹទ្ធបុរសនៃមហាវិទ្យាល័យអប់រំកាឌីណាល់ បានទទួលការអនុញ្ញាតពីសម្តេចប៉ាបហ្រ្វង់ស៊ីស្កូឲ្យថ្វាយអភិបូជាសម្រាប់បុណ្យចម្លង ក្រោយពេលដែលទ្រង់បានបង្ហាញវត្តមានមួយរយៈខ្លីនៅមុនកម្មវិធីនេះបានចាប់ផ្តើម។ នេះបើតាមវ៉ាទីកង់ញូវ។
នៅក្នុងកម្មវិធីដែលរៀបចំកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន លោកកាឌីណាល់ បានអាននូវសាររបស់សម្តេចប៉ាប ដោយទ្រង់បានបញ្ជាក់ឡើងវិញថា ការរស់ឡើងវិញរបស់ព្រះយេស៊ូ គឺជាពន្លឺដែលកំពុងតែបំភ្លឺដួងចិត្តរបស់មនុស្សជាតិជាពិសេសគឺ ចំពោះគ្រីស្តបរិស័ទ។
លោកកាឌីណាល់បានបន្តថា នៅក្នុងសារនោះ សម្តេចប៉ាប បានព្យាយាមពន្យល់ពីរបៀបប្រារព្ធពិធីនេះ ដោយព្យាយាមពន្យល់ រំឭកគ្រីស្តបរិស័ទថា ពន្លឺនៃការរស់ឡើងវិញ ជាការបំភ្លឺផ្លូវរបស់មនុស្សជាតិឲ្យបោះជំហានមួយជំហានម្តងៗ ឆ្លងកាត់ភាពងងឹតនៃប្រវត្តិសាស្ត្រ និងទុក្ខលំបាកទាំងឡាយ។
លោកបានបន្តថា នេះក៏ជាដំណើរការនៃការកសាងពន្លឺនៅក្នុងចិត្តដើម្បីចែករំលែកនិងធ្វើសកម្មភាពប្រកប ដោយសេចក្តីស្រលាញ់ និង ករុណា។
លោកកាឌីណាល់បានបន្តទៀតថា នេះក៏ជាពិធីដែលបញ្ជាក់ពីការឆ្លើយតបនៃជំនឿនិងការចែករំលែកនូវក្តីស្រលាញ់ ក្នុងអំឡុងពេលប្រារព្ធនៃពិធីបុណ្យចម្លង។
លោកកាឌីណាល់បានបន្តថា ការរស់ឡើងវិញគឺដូចជាគ្រាប់ពូជនៃពន្លឺតូចៗ ដែលមកចាក់ឫសក្នុងដួងចិត្តមនុស្សដោយសន្សឹមៗ ហើយស្ងាត់ៗ ឬក៏អាចនិយាយបានថា វាក៏ជាគ្រាប់ពូជនៃពន្លឺ សម្រាប់ការលូតលាស់។
លោកបានបន្តទៀតថា ពន្លឺនៃការរស់ឡើងវិញជួយយើងឱ្យដោះស្រាយជាមួយភាពងងឹត ដែលនៅក្នុងចិត្តរបស់យើង និងជាស្រមោលនៃសេចក្ដីស្លាប់ ដែលតែងតែលេចមកលើពិភពលោករបស់មនុស្សជាតិ ចាប់តាំងពីកកើតឡើងនៅក្នុងប្រវត្តិសាស្ត្រផែនដីរបស់យើង៕
Daily Program
