សម្តេចប៉ាបអធិស្ឋានជូនជនរងគ្រោះដោយព្យុះស៊ីក្លូននៅម៉ាដាហ្គាស្កា
កាលពីថ្ងៃអាទិត្យទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចប៉ាបឡេអូបានអធិដ្ឋានជូនអស់អ្នកដែលរងផលប៉ះពាល់ដោយសារតែព្យុះស៊ីក្លូនជាប់ៗគ្នានៅប្រទេសម៉ាដាហ្គាស្កា(Madagascar) ជាកន្លែងដែលមនុស្សប្រហែល ២៧ម៉ឺន នាក់ត្រូវបានផ្លាស់ទីលំនៅ។
ប្រទេសម៉ាដាហ្គាស្កា ជាប្រទេសដីកោះនៅភាគនិរតីមួយស្ថិតក្នុងទ្វីបអាហ្វ្រិក ស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ត្រូវបានរងដោយព្យុះស៊ីក្លូនឈ្មោះជិនស្សានី (Gezani) កាលពីថ្ងៃទី១០-១១ ខែកុម្ភៈថ្មីៗនេះ ហើយបានបណ្តាលឲ្យមនុស្សយ៉ាងតិច៤០នាក់បានស្លាប់។ មុនព្យុះនេះមកដល់ ម៉ាដាហ្គាស្កា ក៏បានជួបព្យុះមួយម្តងហើយនៅមុននេះ១១ថ្ងៃ បានបណ្តាលឲ្យមនុស្សស្លាប់ជាង១០នាក់ និងរាប់ម៉ឺននាក់ត្រូវផ្លាស់ប្តូរទីលំនៅ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះសម្តេចប៉ាបបានមានបន្ទូលថា "ទូលបង្គំជាខ្ញុំសូមអធិស្ឋានសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ និងសម្រាប់អ្នកទាំងអស់ដែលបានរងការខូចខាតធ្ងន់ធ្ងរ ដោយសារតែព្យុះដ៏កាចសាហាវ"។
រដូវព្យុះស៊ីក្លូននៅមហាសមុទ្រឥណ្ឌាភាគនិរតីមានសភាពខ្លាំងក្លានៅឆ្នាំនេះ ខណៈដែលប្រទេសម៉ាដាហ្គាស្កាបានប្រកាសអាសន្នកម្រិតជាតិ និងបានអំពាវនាវរកជំនួយអន្តរជាតិបន្ទាប់ពីព្យុះស៊ីក្លូនពីរនេះបានបោកបក់មកលើប្រទេសនេះផ្ទួនៗ៕