សម្តេចប៉ាបអធិដ្ឋាសម្រាប់គ្រួសាររងទុក្ខដោយជម្លោះនិងទុក្ខវេទនាទាំងឡាយ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអធិដ្ឋានជូនដល់អស់ជនរងគ្រោះនានាដែលកំពុងតែរងនូវផលវិបាកផ្សេងៗ​ទាំ​ង​សង្រ្គាមនិងអំពើហិង្សានានា រាប់ទាំងជនរងគ្រោះដោយករណីគ្រោះថ្នាក់យន្តហោះនៅកូរ៉េខាងត្បូង។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលថ្លែងទៅកាន់គ្រីស្តបរិស័ទនៅទីលានសន្តសិលាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ សម្តេចប៉ាប បានចែករំលែកនូវទុក្ខសោកនិងភាពបាត់បង់ទៅកាន់ក្រុមគ្រួសារជាច្រើននៅទូទាំ​​ងពិភពលោកដែលកំពុងកាន់ទុក្ខ និងអ្នកដែលរងផលប៉ះពាល់ដោយជម្លោះនានា។

ក្រៅពីអធិដ្ឋានជូនអស់ជនរងគ្រោះដោយសារតែសង្រ្គាមនិងអំពើហិង្សានៅគ្រប់ទីកន្លែងហើយនោះ សម្តេចប៉ាបក៏បានសម្ដែងការសោកសង្រេងចំពោះឧបទ្ទវហេតុយន្តហោះនៅកូរ៉េខាងត្បូង ដែលបណ្តាលឲ្យអ្នកដំណើរយ៉ាងហោចណាស់ ១៧៧ នាក់ បានស្លាប់កាលពីព្រឹកថ្ងៃអាទិត្យ ខណៈដែលយន្តហោះរបស់ពួកគេបានធ្លាក់ពេលចុះចតនៅអាកាសយានដ្ឋាន។

សម្តេច​ប៉ាប​បាន​មានបន្ទូលថា ៖ «ទូលបង្គំជាខ្ញុំ​ចូលរួម​អធិស្ឋាន​សម្រាប់​អ្នក​នៅ​រស់​រាន​មាន​ជីវិត និង​អ្នក​ដែល​បាន​បាត់បង់​ជីវិត​»។

ហើយជាថ្មីម្តងទៀត សម្តេចប៉ាប ក៏បានបន្តចែករំលែកនូវសេចក្តីអធិស្ឋានរបស់ទ្រង់សម្រាប់មនុស្សទាំងអស់ ដែលរងផលប៉ះពាល់ដោយជម្លោះនានា ដែលកំពុងតែបន្ត។

សម្តេចប៉ាបបានមានបន្ទូលថា សូមឱ្យយើងអធិស្ឋានផងដែរសម្រាប់គ្រួសារដែលរងទុក្ខដោយសារសង្រ្គាម នៅអ៊ុយក្រែន ក៏ដូចជាបងប្អូនដែលកំពុងបន្តរងគ្រោះមហន្តរាយដោយសង្រ្គាមបង្ហូរឈាម នៅប៉ាឡេស្ទីន អ៊ីស្រាអែល មីយ៉ាន់ម៉ា ស៊ូដង់ ជាដើម៕

Daily Program

Livesteam thumbnail