សម្តេចប៉ាបឡេអូ ទី១៤ អំពាវនាវ សាសនិកកាតូលិកឱ្យដឹកនាំការអភិវឌ្ឍ AI ប្រកបដោយសីលធម៌
រឿងរ៉ាវរបស់ម្តាយម្នាក់ដែលកូនប្រុសរបស់គាត់បានធ្វើអត្តឃាតបន្ទាប់ពីបានប្រាស្រ័យទាក់ទងជាមួយ chatbot បានធ្វើឱ្យអ្នកចូលរួមនៅក្នុងសន្និសីទអំពីAI នៅទីក្រុងរ៉ូមកាលពីសប្តាហ៍មុនរំជួលចិត្តគ្រប់ៗគ្នា ហើយសម្តេចប៉ាប ឡេអូ ទី១៤ បានពិពណ៌នាមុននេះថាជាការទទួលខុសត្រូវខាងសីលធម៌ និងស្មារតីរបស់ព្រះសហគមន៍កាតូលិកចំពោះការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI)។
អ្នកស្រាវជ្រាវបច្ចេកទេសម្នាក់ស្ទើរតែស្រក់ទឹកភ្នែក ខណៈពេលដែលគាត់បានឮពីការរៀបរាប់ របស់ស្ត្រីម្នាក់ឈ្មោះ មេហ្គាន ហ្គាសា ( Megan Garcia) ដែលខ្លួននាងបានចូលរួមក្នុងសន្និសីទ និងបាននិយាយនៅទីនោះទៅកាន់អ្នកជំនាញផ្នែកមនុស្សយន្ត និង AI។
លោក ជូ ប៉ាចេកូ ( Jose J. Pacheco ) សហនាយកនៃកម្មវិធី MIT Advanced Manufacturing and Design បានថ្លែងនៅក្នុងវេទិកានោះថា "ខ្ញុំសូមអភ័យទោសចំពោះការមានអារម្មណ៍រំជួលចិត្តខ្លាំងពេក "។
លោកបានលើកឡើងថា រឿងរ៉ាវនេះ បានបង្ហាញពី "កិច្ចការដែលត្រូវធ្វើជាបន្ទាន់ និងការទទួលខុសត្រូវរបស់យើងមានទំហំធំប៉ុណ្ណា"។
នៅក្នុងសារមួយផ្ញើទៅកាន់សន្និសីទ ដែលត្រូវបានអានឮៗសម្រាប់អ្នកចូលរួមនៅព្រឹកថ្ងៃសុក្រ សម្តេចប៉ាបឡេអូ បានមានបន្ទូលថា ការអភិវឌ្ឍ AI “មិនអាចត្រូវបានកំណត់ចំពោះមន្ទីរពិសោធន៍ស្រាវជ្រាវ ឬផលប័ត្រវិនិយោគនោះទេ។ វាត្រូវតែជាកិច្ចខិតខំប្រឹងប្រែងយ៉ាងជ្រាលជ្រៅរបស់សាសនា”។
សម្តេចប៉ាបឡេអូបានជំរុញឱ្យអ្នកបង្កើត AI ទាំងអស់ “បណ្តុះការវិនិច្ឆ័យសីលធម៌” និងដាក់បច្ចេកវិទ្យាសម្រាប់បម្រើមនុស្សគ្រប់រូប។
សម្តេចប៉ាបបានសរសេរថា AI ត្រូវ “មានទម្ងន់លើសីលធម៌ និងខាងវិញ្ញាណ” ដូចនេះទស្សនវិស័យនៃការរចនាកម្មវិធីនីមួយៗគួរបង្ហាញពីចក្ខុវិស័យរបស់មនុស្សជាតិ”។ សម្តេចប៉ាបបានអំពាវនាវដល់អ្នកបង្កើត AI “ឱ្យអភិវឌ្ឍប្រព័ន្ធដែលឆ្លុះបញ្ចាំងពីយុត្តិធម៌ សាមគ្គីភាព និងការគោរពពិតប្រាកដចំពោះជីវិត”៕