សម្តេចប៉ាបឡេអូ៖ យុវជនត្រូវតស៊ូជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្ត
ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្ត គឺជាបញ្ហាចំបងមួយរបស់យុវជន ហើយក៏ជាបញ្ហាដែលសន្តអាសនៈជាពិសេសគឺសម្តេចប៉ាបឡេអូទី១៤កំពុងតែយកចិត្តទុកដាក់។
វ៉ាទីកង់ញូវបានរាយការណ៍ថា ឆ្លើយតបទៅនឹងសំណួរមួយអំពីការតស៊ូសុខភាពផ្លូវចិត្ត ដូចជាអារម្មណ៍សោកសៅ ឬតានតឹងខ្លាំង ដែលយុវជនសួរសម្តេចប៉ាបឡេអូតាមប្រព័ន្ធវីដេអូខុនហ្វេរ៉េន ពីកម្មវិធីយុវជន ដែលរៀបចំនៅឥណ្ឌាណាប៉ូលីស (Indianapolis) រដ្ឋឥណ្ឌាណា (Indiana) កាលពីថ្ងៃសុក្រសប្តាហ៍មុន សម្តេចប៉ាបឡេអូបានអញ្ជើញមនុស្សគ្រប់គ្នាឱ្យបើកចិត្តទទួលយកទំនាក់ទំនងដ៏ជ្រាលជ្រៅជាមួយព្រះយេស៊ូ ដើម្បីអាចបើកចិត្តគំនិតផ្ទេរការលំបាករបស់ពួកគេទៅឲ្យព្រះជាម្ចាស់តាម ការអធិស្ឋាន។
សម្តេចប៉ាបបានមានបន្ទូល ថា នៅក្នុងភាពស្ងប់ស្ងាត់ យើងអាចនិយាយដោយស្មោះត្រង់អំពីអ្វីដែលនៅក្នុងចិត្តរបស់យើង។
សម្តេចប៉ាបឡេអូបានបន្ថែមថា យុវវ័យក៏គួរតែស្វែងរកអ្នកដែលអាចទុកចិត្តផងដែរ ដើម្បីឱ្យព្រះជាម្ចាស់អាចនិយាយទៅកាន់ពួកគេតាមរយៈអ្នកដទៃ ដូចជាឪពុកម្តាយ គ្រូបង្រៀន បូជាចារ្យ និងគ្រូបង្រៀនយុវជន។
សម្តេចប៉ាបឡេអូក៏បានអញ្ជើញពួកគេឱ្យអធិស្ឋានសុំអំណោយនៃមិត្តភាពពិត ដែលជំរុញយើងឱ្យ ស្វែងរកព្រះយេស៊ូនៅពេលដែលជីវិតមានភាពច្របូកច្របល់ ឬលំបាក។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា យុវវ័យជាច្រើននិយាយថា គ្មាននរណាម្នាក់យល់ពីខ្ញុំទេ។ ប៉ុន្តែគំនិតនោះអាចធ្វើឱ្យអ្នកឯកោ។ នៅពេលដែលវាមកដល់ សូមសាកល្បងនិយាយថា ‘ព្រះអម្ចាស់អើយ ទ្រង់យល់ពីខ្ញុំល្អជាងខ្ញុំយល់ពីខ្លួនឯង’ ហើយខ្ញុំទុកចិត្តថាទ្រង់នឹងណែនាំខ្ញុំ”៕