សម្តេចប៉ាបឡេអូអំពាវនាវឱ្យមានការអត់ធ្មត់ និងការសន្ទនានៅក្នុងប្រទេសអឺរ៉ង់និងស៊ីរី
បន្ទាប់ពីអធិស្ឋានកាលពីថ្ងៃអាទិត្យ សម្តេចប៉ាប ឡេអូទី១៤ បានអំពាវនាវឱ្យមានសន្តិភាព និងការសន្ទនា ដោយថ្លែងជាពិសេសអំពីប្រទេសពីរនៅមជ្ឈិមបូព៌ា គឺអឺរ៉ង់និងស៊ីរី ជាកន្លែងដែលទ្រង់បានមានបន្ទូលថា ភាពតានតឹង កំពុងបណ្តាលឱ្យមនុស្សជាច្រើនស្លាប់។
ចាប់តាំងពីចុងខែធ្នូមក អ៊ីរ៉ង់បានក្លាយជាកន្លែងនៃការធ្វើបាតុកម្មថ្មីប្រឆាំងនឹងរបបដឹកនាំដោយសាសនានេះ ដែលបានរីករាលដាលដល់ខេត្តជាច្រើនរបស់ប្រទេស រហូតត្រូវបានបង្ក្រាបដោយកងកម្លាំងសន្តិសុខ។
ដោយឡែកនៅក្នុងប្រទេសស៊ីរី មានការប្រយុទ្ធគ្នាយ៉ាងទូលំទូលាយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រវាងកងទ័ពនិងកងកម្លាំងឃឺដនៅក្នុងទីក្រុងអាឡិបប៉ូភាគខាងជើង។
ថ្លែងអំពីប្រទេសទាំងពីរនេះ សម្តេចប៉ាបឡេអូបានមានបន្ទូល ថាការសន្ទនា និងសន្តិភាពនឹងត្រូវបានដាំដុះដោយការអត់ធ្មត់ ដើម្បីស្វែងរកផលប្រយោជន៍រួមរបស់សង្គមទាំងមូល។
សម្តេចប៉ាប ឡេអូក៏បានរំលឹកពីស្ថានភាពលំបាករបស់ប្រជាជនអ៊ុយក្រែន ដែលកំពុងរងទុក្ខវេទនាក្រោមការទម្លាក់គ្រាប់បែករបស់រុស្ស៊ីផងដែរ ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ទូលបង្គំជាខ្ញុំសូមអធិស្ឋានសម្រាប់អ្នកដែលកំពុងរងទុក្ខ ហើយខ្ញុំសូមអំពាវនាវជាថ្មីនូវការបញ្ចប់អំពើហិង្សា និងឲ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីសម្រេចបានសន្តិភាព៕