សម្តេចប៉ាបឡេអូទី១៤ សម្ភោធសួននិងភូមិ ប័ហ្គោ ឡូដាតូ ស៊ី
សួននិងភូមិ ប័ហ្គោ ឡូដាតូ ស៊ី ( Borgo Laudato si) នៅ ក្នុងបរិវេណនិវេសនដ្ឋានសម្រាក់រដូវក្តៅរបស់សម្តេចប៉ាប នៅ ខាស្តែល ហ្គានដូលហ្វូ (Castel Gandolfo) ត្រូវបានសម្ភោធជាផ្លូវការដោយសម្តេចប៉ាបឡេអូទី១៤ កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
នាឱកាសនោះ សម្តេចប៉ាបឡេអូ បានពិពណ៌នាអំពីភូមិ និងគម្រោងរនេះថា គឺជាគម្រោងដើម្បីទ្រទ្រង់ និងចិញ្ចឹមបីបាច់បរិស្ថានវិទ្យា ហើយទីនោះគឺជា "គ្រាប់ពូជនៃក្តីសង្ឃឹម" និងជាគំរូសម្រាប់ការបំប្លែងអេកូឡូស៊ី។
គម្រោងនេះ ត្រូវបានគេដឹងថា គឺផ្តួចផ្តើមឡើងដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅក្នុងគោលបំណងប្រើប្រាស់សម្រស់ធម្មជាតិមកដាស់អារម្មណ៍និងវិញ្ញាណ ហើយផ្តល់ការការអប់រំ និង ចែករំលែកនូវ ប្រវត្តិសាស្រ្ត ធម្មជាតិ សិល្បៈ និងការច្នៃប្រឌិតប្រកបដោយនិរន្តរភាព ដើម្បីឲ្យទីនោះក្លាយ ជាសាក្សីរស់នៃការប្តេជ្ញាចិត្តរបស់ព្រះសហគមន៍កាតូលិកក្នុងការថែរក្សាការបង្កើត និងសម្រាប់អ្នកដែលងាយរងគ្រោះបំផុតដោយបរិស្ថាន។
នាឱកាសនោះសម្តេចប៉ាបឡេអូបានយាងដើរមើលសួនដែលមានរុក្ខជាតិជាង ៣ពាន់ប្រភេទ ហើយក៏ឈប់មើលសម្រស់ធម្មជាតិនៅខាងមុខស្រះទឹកនៅក្នុងសួននោះ។
នៅពេលយាងដល់ចម្ការទំពាំងបាយជូរធម្មជាតិ សម្តេចប៉ាបបានសួរសុខទុក្ខកម្មករកសិដ្ឋាន ហើយ ដោយបន្តរំលេចអំពីសារៈសំខាន់នៃបរិស្ថានវិទ្យាសម្រាប់មនុស្សជាតិ៕

Daily Program
