សម្តេចប៉ាបឡេអូទី១៤ បន្តជំរុញឲ្យពិភពលោករួមគ្នាប្រឆាំងការជួញដូរមនុស្ស

សម្តេចប៉ាបឡេអូទី១៤ បានចេញសារចូលរួមទិវាពិភពលោកលើកទី១២ស្តីពីការប្រឆាំងនឹងការជួញដូរមនុស្ស ហើយសន្យាថា ព្រះសហគមន៍កាតូលិកនឹងប្តេជ្ញាចិត្តរជាមួយនឹងពិភពលោកក្នុងការប្រឈមមុខ និងបញ្ចប់ឧក្រិដ្ឋកម្មនេះ។

នៅក្នុងសារសម្រាប់ទិវានេះនៅថ្ងៃទី០៨ ខែកុម្ភៈ សម្តេចប៉ាបឡេអូបានថ្កោលទោសចំពោះគ្រោះមហន្តរាយនៃទាសភាពសម័យទំនើបនេះ ហើយទ្រង់បានលើកឡើងថា  វាគឺជាឧក្រិដ្ឋកម្មដែលកំពុងតែក្លាយទៅជាទម្រង់ដ៏គួរឱ្យព្រួយបារម្ភថែមទៀតនៅក្នុងសង្គមអនឡាញសម័យបច្ចុប្បន្ន។

សម្តេចប៉ាបបានមានបន្ទូលថា សន្តិភាពពិតប្រាកដចាប់ផ្តើមដោយការទទួលស្គាល់ និងការការពារសេចក្តីថ្លៃថ្នូរដែលព្រះប្រទានដល់មនុស្សគ្រប់រូប ប៉ុន្តែនៅក្នុងយុគសម័យដែលត្រូវបានសម្គាល់ដោយអំពើហិង្សាកើនឡើងនាពេលនេះ គឺមនុស្សជាច្រើនត្រូវបានល្បួងឱ្យស្វែងរកសន្តិភាពតាមរយៈអាវុធជាលក្ខខណ្ឌសម្រាប់អះអាងអំណាចផ្ទាល់ខ្លួន»។

សម្តេចប៉ាបឡេអូក៏បានសោកស្តាយចំពោះ​ការមិនអើពើនឹងជីវិតមនុស្សដូចគ្នា ដែល​ជំរុញឱ្យមានការជួញដូរមនុស្ស ចាប់តាំងពីជម្លោះប្រដាប់អាវុធ និងអស្ថិរភាពភូមិសាស្ត្រនយោបាយ បានបង្កើតឱកាសកាន់តែ​ច្រើន​ឡើង​សម្រាប់ជនជួញដូរ​មនុស្ស​។

សម្តេចប៉ាបឡេអូ បានមានប្រសាសន៍ថា នៅចំពោះមុខការឈឺចាប់ និងបញ្ហាប្រឈមសង្គមបែបនេះ គ្រីស្តបរិស័ទត្រូវតែងាកទៅរកការអធិស្ឋាន និងការយល់ដឹងអំពី​អំពើ​នេះ ហើយ​ចូលរួម​ទប់ស្កាត់និង​បំបាត់​វា ហើយ​ត្រូវ​បញ្ចេញសកម្មភាព​ឲ្យ​ដូចព្រះគ្រីស្ទ​ដែល​ស្រឡាញ់មនុស្សជាតិទាំងអស់។

សម្តេចប៉ាបឡេអូបានកត់សម្គាល់ថា ការអធិស្ឋានគឺជា “ពន្លឺ” ដែលផ្តល់ឱ្យយើងនូវកម្លាំងដើម្បីទប់ទល់នឹងភាពអយុត្តិធម៌ និងភាពព្រងើយកន្តើយ ខណៈពេលដែលការយល់ដឹងជួយយើងកំណត់អត្តសញ្ញាណ និងយកឈ្នះលើប្រព័ន្ធកេងប្រវ័ញ្ចនៅក្នុងសហគមន៍ និងសកម្មភាពឆ្លៀតឱកាសទាំងនានា៕

Daily Program

Livesteam thumbnail