សម្តេចប៉ាបឡេអូទី១៤ នឹងទៅទួរគីនិងលីបង់
 
  ដំណើរទស្សនកិច្ចក្រៅបុរីវ៉ាទីកង់និងទីក្រុងរ៉ូមដំបូងបំផុតរបស់សម្តេចប៉ាបឡេអូទី១៤ ត្រូវបានគេដឹងថា គឺប្រទេសទួរគី នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា និងបន្តដំណើរទៅប្រទេសលីបង់ ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៥។
ទ្រង់នឹងជួបជាមួយប្រធានាធិបតីនៃប្រទេស គឺលោក រីសិប តៃយីប អឺដូហ្គាន ( Recep Tayyip Erdogan) មុនពេលថ្លែងទៅកាន់អាជ្ញាធរទួរគី តំណាងសង្គមស៊ីវិល និងសមាជិកនៃក្រុមការទូត។ ហើយបន្ទាប់មកនៅថ្ងៃទី២៨ ខែវិច្ឆិកា សម្តេចប៉ាបឡេអូនឹងជួបជាមួយ លោកអភិបាល បូជាចារ្យ អ្នកបម្រើអាសនៈ នៅព្រះសហគមន៍ទីក្រុងអ៊ីស្តង់ប៊ុល ហើយនឹងយាងទៅទស្សនាមណ្ឌលថែទាំកុមារក្រីក្ររបស់ព្រះសហគមន៍មួយ។
នៅថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា សម្តេចប៉ាបឡេអូនឹងយាងដំណើរទស្សនកិច្ចនៅវិហារអ៊ីស្លាមស៊ុលតង់អាម៉េដ - "វិហារអ៊ីស្លាមខៀវ" ដ៏ល្បីល្បាញ មុនពេលជួបសាវនាការជាឯកជនជាមួយថ្នាក់ដឹកនាំព្រះវិហារក្នុងស្រុក និងសហគមន៍គ្រីស្តសាសនាមួយ។
នៅថ្ងៃទី ៣០ ខែវិច្ឆិកា ទ្រង់នឹងយាងដឹកនាំកម្មវិធីថ្វាយអភិបូជាមួយ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ហើយនិងកម្មវិធីមួយចំនួន រួចចាកចេញទៅកាន់ប្រទេសលីបង់។ នៅលីបង់ ទ្រង់នឹងជួបប្រធានាធិបតី ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីលីបង់។
នៅថ្ងៃទី ០១ ខែធ្នូ គឺពេញដោយមានកម្មវិធីទស្សនកិច្ចនៅផ្នូរបុរាណ របស់សន្ត Charbel Maklūf ព្រះវិហារ Saint Maroun ក្នុងទីក្រុង Annaya។ សម្តេចប៉ាបឡេអូ ក៏នឹងយាងធ្វើដំណើរទៅកាន់ទីសក្ការៈបូជារបស់ព្រះនាងលីបង់ ក្នុងទីក្រុង Harissa ជាកន្លែងដែលទ្រង់នឹងជួបជាមួយលោកអភិបាល បូជាចារ្យ និង គ្រីស្តបរិស័ទ។ នៅពេលរសៀល សម្តេចប៉ាបឡេអូ នឹងរៀបចំកិច្ចប្រជុំសាសនា និងអន្តរសាសនានៅទីលានមរណសាក្សីក្នុងទីក្រុងបៃរូត។ ក្រោយមក សម្តេចប៉ាបនឹងយាងជួបជាមួយនឹង យុវជននៃប្រទេសលីបង់។
នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនេះ ពោលគឺ ថ្ងៃទី ២ ខែធ្នូ សម្តេចប៉ាបឡេអូនឹង យាងទៅសួរសុខទុក្ខបុគ្គលិក និងអ្នកជំងឺនៃមន្ទីរពេទ្យ De La Croix ក្នុងទីក្រុង Jal Ed Dib។ បន្ទាប់មកសម្តេចប៉ាប ឡេអូ នឹងអធិស្ឋានដោយស្ងៀមស្ងាត់នៅកន្លែងផ្ទុះកំពង់ផែ បៃរូតដែលបានកើតឡើងនៅឆ្នាំ ២០២០ ហើយនឹងយាងដឹកនាំកម្មវិធីថ្វាយអភិបូជា នៅ Beirut Waterfront ដែលជាព្រឹត្តិការណ៍សំខាន់ចុងក្រោយនៃដំណើរទៅកាន់ប្រទេសលីបង់៕
Daily Program
 
 
             
     
 
   
  