សម្តេចប៉ាបឡេអូទី១៤៖ ភាពអត់ឃ្លានមិនគួរក្លាយជាអាវុធ ក្នុងពិភពអ្នកស្រេកឃ្លានឡើយ

សម្តេចប៉ាប ឡេអូទី១៤បាន ផ្ញើសារទៅកាន់សម័យប្រជុំលើកទី៤៤ នៃសន្និសីទ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ និងថ្កោលទោសការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្គ្រាម និងការចំណាយលើការផលិតអាវុធជំនួសឱ្យការលុបបំបាត់ភាពក្រីក្រ។
វ៉ាទីកង់បានរាយការណ៍ថា សារនេះត្រូវបានសម្តេចប៉ាបផ្ញើនៅពេលដែលអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិកំពុងរៀបចំសម័យប្រជុំ នៅទីក្រុងរ៉ូមចាប់ពីថ្ងៃទី ២៨ ខែមិថុនាដល់ថ្ងៃទី ៤ ខែកក្កដា។
នៅក្នុងសារ សម្តេចប៉ាបឡេអូបានមានបន្ទូលថា ព្រះសហគមន៍កាតូលិកគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ «រឿងអាស្រូវនៃភាពស្រេកឃ្លានជាសកល» ដោយរំឭកពីការយកចិត្តទុកដាក់របស់ព្រះយេស៊ូក្នុងការចិញ្ចឹមហ្វូងមនុស្សដែលបានមកស្តាប់ទ្រង់មានបន្ទូល។
សម្តេចប៉ាបបានមានបន្ទូលថា «យើងដឹងថាការអស្ចារ្យដែលព្រះយេស៊ូបានធ្វើ គឺដើម្បីកម្ចាត់ភាពអត់ឃ្លាន គឺដោយការចែករំលែកធនធានជាងការរក្សាទុកដោយលោភលន់»។
សម្តេចប៉ាបបានមានបន្ទូលថា ឥឡូវនេះយើងកំពុងធ្វើជាសាក្សី ដោយមានការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រើប្រាស់ភាពស្រេកឃ្លានដោយអមនុស្សធម៌ជាអាវុធនៃសង្គ្រាម។ ការជ្រើសយកឲ្យជនស៊ីវិលស្រេកឃ្លាន គឺជាវិធីថោកបំផុតក្នុងការធ្វើសង្គ្រាម៕
Daily Program
