សម្តេចប៉ាបឡេអូទី១៤៖ ថ្ងៃចាប់ផ្តើមឆ្នាំថ្មីជាពេលយើងចាប់ផ្តើមកសាងសន្តិភាព
មានបន្ទូលស្វាគមន៍ថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសាកល២០២៦ទៅកាន់ហ្វូងមនុស្សប្រហែល ៤ម៉ឺននាក់ដែលបានប្រមូលផ្តុំគ្នានៅទីលាន សន្តសិលា សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា ថ្ងៃចាប់ផ្តើមឆ្នាំថ្មីនេះ ក៏គួរតែជាពេលវាលាយើងត្រូវចាប់ផ្តើមកសាងសន្តិភាពទូទាំងពិភពលោកផងដែរ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះ សម្តេចប៉ាបឡេអូបានចង្អុលបង្ហាញថា អស់រយៈពេល ៥៨ ឆ្នាំចុងក្រោយនេះ តាមបំណងប្រាថ្នារបស់សម្តេចប៉ាបសន្តប៉ូលទី៦ ថ្ងៃទី ១ ខែមករាជាថ្ងៃប្រារព្ធជាទិវាសន្តិភាពពិភពលោក ដូច្នេះយើងក៏គួរតែនាំគ្នារិះគិតអំពី ការកសាងសន្តិភាពឲ្យបានទូលំទូលាយ។
សម្តេចប៉ាបឡេអូបានមានបន្ទួលថា សូមសន្តិភាពនៅជាមួយនឹងយើងទាំងអស់គ្នា។ សន្តិភាពជាអំណោយនៃសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌរបស់ព្រះជាម្ចាស់ ហើយត្រូវបានប្រគល់ឱ្យយើងទទួលខុសត្រូវ។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តទៀតថា ឆ្នាំនេះគួរតែជាឆ្នាំនៃការកសាងសន្តិភាព ដោយដកហិង្សាចេញពីចិត្តរបស់យើង និងឈានទៅបញ្ចប់អំពើហិង្សាទាំងអស់៕