សម្តេចប៉ាបឡេអូទី១៤ស្វាគមន៍អ្នកធ្វើធម្មយាត្រាពីអាស៊ី

សម្តេចប៉ាបឡេអូទី១៤ កាលពីថ្ងៃទីពុធទី២១ ខែឧសភា ឆ្នាំ២០២៥ បានយាងស្វាគមន៍អ្នកធម្មយាត្រាមកពីផ្នែកផ្សេងៗនៃពិភពលោក ដែលរៀបចំនៅវិមាន ប៉ូលទី៦ (Paul VI) ដោយនៅក្នុងនោះក៏មានគ្រីស្តបរិស័ទមកពីអាស៊ីជាច្រើន។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងពេលដែលសម្តេចប៉ាបឡេអូទី១៤ បានយាងជួបសាវនាការជាមួយនឹងគ្រីស្តបរិស័ទដំបូង គ្រីស្តបរិស័ទអាស៊ីដែលបានមកធ្វើធម្មយាត្រានៅវ៉ាទីកង់រួមមាន មកពីឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង វៀតណាម និង ប្រជាជាតិផ្សេងទៀត។

នាឱកាសនោះសម្តេចប៉ាបឡេអូ បានដឹកនាំគ្រីស្តបរិស័ទអធិដ្ឋានដ៏ស្ងប់ស្ងាត់ ហើយបានមានបន្ទូល​អំពីករុណាទិគុណ ដោយចាប់ផ្តើមព្រះយេស៊ូ និង ជំនឿរបស់គ្រីស្តបរិស័ទ។

សម្តេចប៉ាបឡេអូក៏បានបកស្រាយពន្យល់គ្រីស្តបរិស័ទអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយបញ្ជាក់ថា ដំណឹងល្អរបស់ព្រះជាម្ចាស់ ជាគ្រាប់ពូជដែលលូតលាស់ល្អ ក្នុងដីដែលមានជីជាតិពោលគឺថ្នាលនៃជីវិតជាគ្រីស្តបរិស័ទ ប៉ុន្តែទ្រង់បានសង្កត់ធ្ងន់ថាព្រះជាម្ចាស់ក៏មិនតម្រូវឲ្យយើងបណ្តុះនៅលើដីដែលមានជីជាតិតែម្តងនោះទេ ដីដែលមិនមានជីជាតិក៏អាចបណ្តុះបានដែរ។

តាមអត្ថន័យនេះ សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា ការប្រកាសដំណឹងល្អគឺគួរតែត្រូវបន្តប្រកាសជាទូទៅ ហើយទីណាដែលវាអាចដុះបានគឺត្រូវតែថែរក្សានិងពូនជ្រំ និង លើកកំពស់ដោយការស្រលាញ់ និង ពង្រឹងឲ្យកាន់តែល្អ ដើម្បីព្រះសហគមន៍ទាំងមូល៕

Daily Program

Livesteam thumbnail