សម្តេចប៉ាបឡេអូទី១៤ប្រកាសថា ព្រះសហគមន៍ទាំងអស់នៅជាមួយគ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ា

មានបន្ទូលនៅក្នុងកម្មវិធីសាវនាការប្រចាំថ្ងៃពុធ កន្លងទៅនេះ សម្តេចប៉ាបឡេអូទី ១៤ បានមានបន្ទូលថា ព្រះសហគមន៍កាតូលិកទាំងមូលគឺឈរជាមួយនឹងបងប្អូនគ្រីស្តបរិស័ទ នៅមជ្ឈឹមបូព៌ា។
វ៉ាទីកង់ញូវបានឲ្យដឹងថា នាឱកាសនោះ សម្តេចប៉ាបឡេអូក៏បានបង្ហាញពីភាពស្និទ្ធស្នាលរបស់ទ្រង់ជាមួយគ្រីស្តបរិស័ទមកពីមជ្ឈិមបូព៌ា ហើយអំពាវនាវជាថ្មីម្តងទៀតឲ្យគ្រប់ភាគីនៃទំនាស់ត្រូវស្វែងរកផ្លូវនៃការទូត និងការសន្ទនាដើម្បីដោះស្រាយបញ្ហា។
នាឱកាសនោះ សម្តេចប៉ាបឡេអូក៏បានសំដែងការសោកស្តាយចំពោះសកម្មភាពនៃការវាយប្រហារភេរវកម្មដ៏អាក្រក់មក លើព្រះវិហារ ម៉ា អេលៀស (Mar Elias )ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃទី ២២ ខែមិថុនា។
សម្តេចប៉ាបឡេអូក៏បានអធិដ្ឋានជូនជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ហើយក៏បាន បង្ហាញនូវទស្សនៈនិងភាពសាមគ្គីភាពជាមួយពួកគេ។
សម្តេចប៉ាបបានមានបន្ទូលថា " ទូលបង្គំជាខ្ញុំនៅជិតអ្នក ហើយព្រះសហគមន៍កាតូលិកទាំងមូលឈរនៅជាមួយអ្នក " ។
សម្តេចប៉ាបឡេអូបានមានបន្ទូលអះអាងថា ការវាយប្រហារនាពេលថ្មីៗនេះ បង្ហាញពី "ភាពផុយស្រួយយ៉ាងជ្រៅ" ដែលស៊ីរីបន្តឆ្លងកាត់ បន្ទាប់ពីអស្ថិរភាព និងអំពើហិង្សាជាច្រើនឆ្នាំ។
សម្តេចប៉ាប ឡេអូ បានអំពាវនាវដល់សហគមន៍អន្តរជាតិកុំឲ្យងាកចេញពីប្រទេសនេះ។ ផ្ទុយទៅវិញ ទ្រង់បានបន្តថា វាត្រូវតែផ្តល់នូវការគាំទ្រ “តាមរយៈសកម្មភាពនៃសាមគ្គីភាព និងការប្តេជ្ញាចិត្តជាថ្មីដើម្បីសន្តិភាព និងការផ្សះផ្សាជាតិ”៕
Daily Program
