សម្តេចប៉ាបឡេអូតែងតាំងបូជាចារ្យថ្មី និងបានលើកទឹកចិត្តឱ្យធ្វើជាបណ្តាញនៃជីវិត

សម្តេចប៉ាបឡេអូទី១៤បាន ប្រារព្ធពិធីបុណ្យថ្វាយអភិបូជា និង តែងតាំងលោកបូជាចារ្យថ្មីចំនួន១០រូប ហើយបានមានបន្ទូលរំលឹកក៏ដូចជាលើកទឹកចិត្តអស់លោកបូជាចារ្យថ្មីឲ្យខិតខំធ្វើជាបណ្តាញជីវិតរបស់គ្រីស្តបរិស័ទនៅក្នុងការទំនាក់ទំនងនឹងព្រះជាម្ចាស់​។​

ពិធីតែងតំាងនេះបានប្រារព្ធឡើងនៅវិសាលវិហារសន្តសិលាបាស៊ីលីកា កាលពីថ្ងៃអាទិត្យ ទី ២៦ ខែមេសា ឆ្នាំ២០២៦ ។​

សម្តេចប៉ាបឡេអូបានចង្អុលបង្ហាញពីតួនាទីរបស់លោកបូជាចារ្យ ជាពិសេសគឺដំណរនៃចិត្តសប្បរសរបស់ព្រះជាម្ចាស់ទៅគ្រីស្តបរិស័ទ ហើយអស់លោកបូជាចារ្យថ្មី ជាសញ្ញាមួយដែលបង្ហាញថាការសន្យានេះនៅតែត្រូវបានអនុវត្តរហូតមកដល់សព្វថ្ងៃនេះ។

សម្តេចប៉ាបឡេអូបានពិពណ៌នាអំពីបព្វជិតភាពថាជា ជាអ្នកដែលផ្តោតលើជីវិតនិង ការរួបរួមហើយ សង្កត់ធ្ងន់ថា ទំនាក់ទំនងជិតស្និទ្ធជាមួយព្រះគ្រីស្ទមិនធ្វើឱ្យបូជាចារ្យឃ្លាតឆ្ងាយពីអ្នកដទៃទេ ប៉ុន្តែធ្វើឱ្យទំនាក់ទំនងរបស់អស់លោកបូជាចារ្យកាន់តែស៊ីជម្រៅជាមួយមនុស្សទាំងអស់។

សម្តេចប៉ាបឡេអូ​បាន​មានបន្ទូល ​ថា ចំណង​របស់​អស់លោកបូជាចារ្យ​ជាមួយ​ព្រះគ្រីស្ទនឹង​កាន់តែ​ជ្រៅ​ទៅៗ អស់លោកបូជាចារ្យជាអ្នកគង្វាលរបស់គ្រីស្តបរិស័ទ ។

សម្តេចប៉ាប​បាន​បន្ថែម​ថា ទម្រង់​នៃ​សេចក្តី​ស្រឡាញ់​របស់លោកបូជាចារ្យជាមួយនឹងព្រះជាម្ចាស់ គួរ​នាំ​ឲ្យ​បូជាចារ្យ​មិន​ត្រឹម​តែ​ក្លាយ​ជា​អ្នក​បម្រើ​ដ៏ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​សមាជិក​ដែល​មាន​ទំនួល​ខុស​ត្រូវ និង​ស្ថាបនា​នៃ​សង្គម​ផង​ដែរ។

ដោយប្រឈម​មុខ​នឹង​ការ​ពិត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាចដែលកំពុងតែកើតមាននៅលើពិភពលោក សម្តេចប៉ាបឡេអូបានលើកឡើងថា ​វត្តមាន​នៃ​អំពើ​ហិង្សា និង​អស្ថិរភាព​នៅ​ក្នុង​ពិភពលោកគឺច្រើន តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះយេស៊ូ​មិន​ដក​ថយខ្លួនចេញពី​គ្រោះថ្នាក់​ឡើយ ហើយបន្តថា ភាព​ពិត​មិន​ត្រូវ​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​ឡើយ៕

Daily Program

Livesteam thumbnail