សម្តេចប៉ាបឡេអូជំរុញឲ្យប្រធានាធិបតីអ៊ីស្រាអែល បើកកិច្ចសន្ទនាឡើងវិញ
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ និងប្រធានាធិបតីនៃរដ្ឋអ៊ីស្រាអែល លោក អ៊ីសាអាក ហេហ្សុង ( Isaac Herzog )បានជួបពិភាក្សាគ្នា តាមទូរស័ព្ទនៅព្រឹកថ្ងៃសុក្រ ក្នុងឱកាសពិធីបុណ្យ ចម្លង។
ប្រភពដដែលបានបន្តថា ការសន្ទនានេះបានផ្តោតលើតម្រូវការដើម្បីបញ្ចប់ជម្លោះដ៏ធ្ងន់ធ្ងរដែលកំពុងបន្ត។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យព័ត៌មានសន្តអសនៈ បានឲ្យដឹងថា "ក្នុងអំឡុងពេលសន្ទនា តម្រូវការដើម្បីបើកឡើងវិញនូវបណ្តាញសន្ទនាការទូតដែលអាចធ្វើទៅបានទាំងអស់ត្រូវបានបញ្ជាក់ម្តងទៀត ដើម្បីបញ្ចប់ជម្លោះដ៏ធ្ងន់ធ្ងរដែលកំពុងបន្ត ដោយមានគោលបំណងសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងនៅទូទាំងមជ្ឈិមបូព៌ា"។
មេដឹកនាំទាំងពីរបានលើកឡើងថា ខណៈពេលដែលការពិភាក្សានៅតែបន្ត ការយកចិត្តទុកដាក់ត្រូវបានផ្តោតលើសារៈសំខាន់នៃការការពារប្រជាជនស៊ីវិល និងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងមនុស្សធម៌៕