សម្តេចប៉ាបឡេអូចំណាយថ្ងៃទី២នៃទស្សនកិច្ចនៅតួកគីជាមួយនឹងគ្រីស្តបរិស័ទ
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅថ្ងៃទី២នៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបឡេអូទី១៤នៅប្រទេសតួកគី ទ្រង់បានចំណាយពេលវេលាច្រើនលើជំនួបជាមួយនឹងគ្រីស្តបរិស័ទ។
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងឱកាសនោះសម្តេចប៉ាបឡេអូ បានជួបជាមួយនឹងក្រុមលោកអភិបាល បុព្វជិត និងគ្រីស្តបរិស័ទនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល និង បានយាងទៅសាកសួរសុខទុក្ខមណ្ឌលចាសជរានៅក្នុងទីក្រុងនោះ។
នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចប៉ាបឡេអូបានស្វែងយល់និងទទួលស្គាល់ជម្រៅនៃប្រវត្តិសាស្ត្រគ្រីស្តសាសនានៅក្នុងទឹកដីនៃប្រទេសតួកគី ដោយរំលឹកថា នៅទីនោះហើយដែលលោក អាប្រាហាំបានចេញដំណើរប្រកាស ដំំណឹងល្អ ហើយក៏ជាទីកន្លែងដំបូងដែលគ្រិស្តបរិស័ទបានបង្ហាញខ្លួន។
នាឱកាសនោះដែរសម្តេចប៉ាបក៏បានយាងសាកសួរសុខទុក្ខមជ្ឈមណ្ឌលថែរក្សាមនុស្សចាស់នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលកំពុងតែដំណើរការដោយដោយក្រុមបងស្រី Little Sisters of the Poor មុនពេលឡើងឧទ្ធម្ភាគចក្រទៅកាន់ ទីក្រុង Iznik ដែលជាទីតាំងបុរាណនៃទីក្រុងនីសៀ។
នៅទីនេះ សម្តេចប៉ាបឡេអូបានអធិស្ឋានជាមួយថ្នាក់ដឹកនាំនៃព្រះវិហារគ្រីស្តសាសនាផ្សេងៗ ដើម្បីអបអរសាទរខួបលើកទី ១.៧០០ នៃក្រុមប្រឹក្សានីសៀ ដែលជាក្រុមប្រឹក្សាសាសនាគ្រីស្តដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ព្រះសហគមន៍កាតូលិក៕