សម្តេចប៉ាបហ្រ្វង់ស៊ីស្កូជាសម្តេចប៉ាប​ ដំបូង​មិន​មែន​ជា​អឺរ៉ុបក្នុងរយៈពេល១៣០០ឆ្នាំ​

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ត្រូវបានគេដឹងថា គឺជាប្រមុខដឹកនាំសន្តអាសនៈនៃព្រះសហគមន៍កាតូលិកដំបូងបង្អស់ដែលមានប្រភពចេញមកពីព្រះសហគមន៍កាតូលិកមិននៅក្នុងទ្វីប អឺរ៉ុបដំបូងគេនៅក្នុងប្រវត្តិសាស្រ្តរយៈពេលជិត​១៣០០ឆ្នាំ។

ទ្រង់ប្រសូតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៩៣៦ ហើយបានក្លាយជាសម្តេចប៉ាបនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៣ បន្តពីសម្តេចប៉ាបបេណេឌិកទី១៦ ដែលបានលាលែងពីតំណែង។ នៅកុមារភាពទ្រង់ជាកូនច្បងនៅក្នុងគ្រួសារដែលមានបងប្អូន ៥នាក់ ដោយមានឪពុកនិងម្តាយជាជនជាតិអ៊ីតាលី តែបានធ្វើឥន្តោប្រវេសន៍មកនៅប្រទេសអាហ្សង់ទីន។  

សម្តេចប៉ាបមានឈ្មោះដើមថា ចច ម៉ារីយូ ប័ហ្គោលីយ៉ូ (Jorge Mario Bergoglio) ហើយកាលពីកុមារភាពសម្តេចប៉ាបបានចូលសិក្សា នៅសាលាដុនបូស្កូ ហើយបានទទួលសញ្ញាប័ត្រជាអ្នកបច្ចេកទេសគីមីសាស្រ្ត ហើយបានចំណាយពេលធ្វើការជាច្រើនឆ្នាំនៅក្នុងមន្ទីរពិសោធន៍ផ្នែកអាហារ  រហូតដល់ អាយុ២១ ក៏មានបញ្ហាសួត ហើយត្រូវឆ្លងកាត់ការវះកាត់​។​

បន្ទាប់ពីបានសង្រ្គោះជីវិត យុវជនរូបនេះ​បានចាប់អារម្មណ៍ធ្វើអគ្គសញ្ញាលើកលែងទោស នៅព្រះវិហារមួយកន្លែង ហើយក៏ចាប់ផ្តើមចាប់អារម្មណ៍នឹងជីវិតជាបព្វជិត។ យុវជនរូបនេះសម្រេចចិត្តចូលសិក្សានៅសាលាទេវវិទ្យាល័យ មួយនៅក្នុងទីក្រុង ប៊ូណូស អ៊ែរ៉េស (Buenos Aires) នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ​១៩៥៨​។

ពីពេលនោះរហូតដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ១៩៦៩ មុនពេលទទួលអគ្គសញ្ញាជាបូជាចារ្យ ទ្រង់បានសិក្សាឈ្វេងយល់និងស្វែងរកចំណេះវិជ្ជាជាច្រើនតាំងពីចិត្តវិទ្យា និង វិទ្យាសាស្រ្តសង្គមមួយចំនួន ហើយក៏បានធ្វើការងារស្ម័គ្រចិត្តជាច្រើន​ពាក់ព័ន្ធនឹងមនុស្សធម៌ និង ភាពក្រីក្រ​។

ទ្រង់បានទទួលការតែងតាំងជាអភិបាលព្រះសហគមន៍កាតូលិកនៅទីក្រុង ប៊ូណូស អ៊ែរ៉េស នៅឆ្នាំ១៩៩២  ហើយនៅឆ្នាំ១៩៩៧ ក៏ក្លាយជាអគ្គអភិបាលនៃព្រះសហគមន៍នោះ រួចនៅក្នុងឆ្នាំ២០០១ ក៏ត្រូវបានតែងតាំងដោយសម្តេចប៉ាបយ៉ូហានប៉ូលទី២ជាកាឌីណាល់។

ក្រោយពេលដែលសម្តេចប៉ាបបេណេឌិកទី ១៦ បានប្រកាសលាលែង នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៣ នៅថ្ងៃទី ១៣ ខែមីនា ទ្រង់ក៏ត្រូវបានសមាជិកនៃក្រុមប្រឹក្សាកាឌីណាល់ជ្រើសរើស ជាសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ រហូតដល់ទ្រង់ចូលទិវង្គតនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥៕

Daily Program

Livesteam thumbnail