សម្តេចប៉ាបសោកស្តាយករណីសម្លាប់រង្គាលនៅកុងហ្គោ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន អំពាវនាវដល់អាជ្ញាធរនៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសហគមន៍អន្តរជាតិឱ្យធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ឈប់អំពើហិង្សានៅភាគខាងកើតនៃប្រទេស និងការពារជនស៊ីវិល។
សម្តេចប៉ាបបានអធិដ្ឋាន និងបួងសួងសុំសន្តិភាពនៅគ្រប់ប្រទេសដែលរងការវាយប្រហារដោយសង្រ្គាម ជាពិសេសគឺនៅក្នុងប្រទេសនេះ ជាកន្លែងដែលការសម្លាប់រង្គាលបានកើតមានកាលពីពេលថ្មីៗកន្លងទៅនេះ។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «ព័ត៌មានដ៏ឈឺចាប់នៃការប៉ះទង្គិច និងការសម្លាប់រង្គាលនៅតែបន្តមកដល់ពីផ្នែកខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ»។
សម្តេចប៉ាបបានមានបន្ទូលទៀតថា ៖ «ទូលបង្គំជាខ្ញុំអំពាវនាវដល់អាជ្ញាធរជាតិ និងសហគមន៍អន្តរជាតិឱ្យធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ឈប់អំពើហិង្សា និងការពារអាយុជីវិតរបស់ជនស៊ីវិល»។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅភូមិមួយ នៅតំបន់ដាច់ស្រយាល មានពលរដ្ឋចន្លោះពី៤២ ទៅ៨០ នាក់ត្រូវបានសម្លាប់ ដែលគេដាក់ការសង្ស័យលើ ក្រុមឧទ្ទាមសម្ព័ន្ធមិត្តប្រជាធិបតេយ្យកាលពីពេលថ្មីៗកន្លងទៅ៕