សម្តេចប៉ាបសោកស្ដាយចំពោះភេរវកម្មនៅទីក្រុងញូវ អ័ឡេន
នៅក្នុងសារផ្ញើទៅកាន់លោក ហ្រ្គីហ្គោរី អេមុន (Gregory Aymond ) អគ្គអភិបាលនៃព្រះសហគមន៍ទីក្រុង ញូវ អ័ឡេន (New Orleans ) សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបង្ហាញពី "ភាពស្និទ្ធស្នាលខាងវិញ្ញាណ" របស់ទ្រង់ចំពោះអ្នកដែលរងផលប៉ះពាល់ដោយការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅក្នុងទីក្រុងភាគខាងត្បូងសហរដ្ឋអាមេរិក។
សម្តេចប៉ាប សោកស្ដាយជាខ្លាំង នៅពេលដែលទទួលដំណឹង ពី "ការបាត់បង់ជីវិត និងរបួស" ដែលបង្កឡើងដោយភេរវកម្មនាពេលថ្មីៗនេះ។
ការវាយប្រហារកាលពីថ្ងៃទី១ខែមករា មនុស្សចំនួន១៥ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស នៅពេលដែលបុរសអាយុ ៤២ ឆ្នាំម្នាក់បានបើករថយន្តភីកអាប់ក្នុងល្បឿនលឿនចូលទៅក្នុងហ្វូងមនុស្ស។
ជនសង្ស័យដែលត្រូវបានគេស្គាល់ថាជា សាមស៊ូតឌិន ចាបា ( Shamsud-Din Jabbar) ជាជនជាតិដើមតិចសាស់ និងជាអតីតទាហាន សហរដ្ឋអាមេរិក បានបើកឡានភីកអាប់ជួលក្នុងល្បឿនលឿនចូលទៅក្នុងហ្វូងមនុស្ស ហើយត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារជាមួយប៉ូលិស។ ទោះជាយ៉ាងណា អាជ្ញាធរបាននិយាយថា ពួកគេជឿថាមានមនុស្សជាច្រើននាក់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ។
យោងតាម FBI ទង់រដ្ឋអ៊ីស្លាមត្រូវបានរកឃើញនៅក្នុងឡានដឹកទំនិញមួយ ហើយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការវាយប្រហារនេះត្រូវបានបំផុសគំនិតដោយក្រុម។
នៅថ្ងៃដដែលនោះ រថយន្ត Tesla Cybertruck ក៏បានផ្ទុះ នៅខាងក្រៅសណ្ឋាគារ Trump International Hotel Las Vegas ដោយបានសម្លាប់អ្នកបើកបរ និងមនុស្ស៧ នាក់ផ្សេងទៀតរងរបួស។
ក្រុមមន្ត្រីបាននិយាយថា FBI កំពុងស៊ើបអង្កេតថា តើការបំផ្ទុះនេះជាអំពើភេរវកម្មឬយ៉ាងណា។ អាជ្ញាធរក៏កំពុងពិនិត្យមើលដែរថាតើការវាយប្រហារទាំងពីរមានទំនាក់ទំនងឬអត់៕