សម្តេចប៉ាបលើកទឹកចិត្តឲ្យសមាជិកនៃក្រុមគ្រួសារនានាអង្គុយហើយជជែកគ្នាអំពីបញ្ហានានា
នៅចំថ្ងៃបុណ្យនៃគ្រួសារដ៏វិសុទ្ធកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន អញ្ជើញសមាជិកក្រុមគ្រួសារនានាឱ្យចំណាយពេលវេលាជជែកគ្នានូវបញ្ហានានា។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់។
សម្តេចប៉ាបបានមានបន្ទូលថា ការដែលសមាជិកគ្រួសានានាចំណាយពេលវេលានៅរៀងរាល់ពេលបាយល្ងាចជជែកគ្នាដោយបើកចំហរ គឺវាពិតជាជួយឲ្យគ្រួសារកាន់តែមានទំនាក់ទំនងជិតស្និទ្ធ ហើយក៏ជាពេលវេលាដែលកសាងភាពកក់ក្តៅច្រើន។
សម្តេចប៉ាបបានមានបន្ទូលទៅកាន់គ្រីស្តបរិស័ទដែលប្រមូលផ្តុំគ្នានៅទីលានសន្តសិលាថា គ្រួសារគឺជាប្រភពនិងជាកន្លែងប្រមូលផ្តុំនៃសេចក្តីស្រលាញ់ ហើយក៏ជាប្រភពនៃបទពិសោធផ្សេងៗដែល សមាជិកគ្រួសារអាចនឹងទទួលបាននៅពេលដែលពួកគេជួបជុំគ្នាហើយនិយាយគ្នា។
សម្តេចប៉ាបបានមានបន្ទូលថា តាមការសង្កេតរបស់ទ្រង់គ្រួសារសម័យនេះហាក់ដូចជាកំពុងតែមានវិបត្តិពីព្រោះកូនៗជាយុវវ័យពិតជាពិបាកយល់ចិត្ត ហើយជាទូទៅឪពុកម្តាយក៏ពិបាកយល់និងស្គាល់ពីកូនៗរបស់ពួកគេ ដូច្នេះដើម្បីយល់ពីគ្នា គឺមានតែចំណាយពេលបាយល្ងាចនេះជជែកគ្នាហើយនិយាយគ្នា។
សម្តេចប៉ាបបានលើកទឹកចិត្តឲ្យក្រុមគ្រួសារគ្រីស្តបរិស័ទទាំងអស់លើកកំពស់ការពិភាក្សា ហើយត្រូវតែចាំថា ការសន្ទនាគឺជាធាតុសំខាន់បំផុតសម្រាប់គ្រួសារមួយ។ គ្រួសារដែលមិនប្រាស្រ័យទាក់ទងគ្នាមិនអាចក្លាយជាគ្រួសារដែលមានសុភមង្គលទេ៕