សម្តេចប៉ាបយាងទទួលជួបប្រធានាធិបតីអាល់បានី

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទទួលជួប លោក ប៉ារ៉ាម បេហ្គៃ (Bajram Begaj ) ប្រធានាធិបតី នៃប្រទេសអាល់បានីនៅសន្តអាសនៈ។

វ៉ាទីកង់បានរាយការណ៍ថា ជំនួបនេះបានរៀបចំឡើងកាលពីថ្ងៃទី៦ ខែឧសភា នៅពេលដែលលោ​កប្រធានាធីបតីបានអញ្ជើញមកទស្សនកិច្ចនៅអ៊ីតាលី។​

នៅក្នុងជំនួបនោះ សម្តេចប៉ាប និងលោកប្រធានាធិបតី បានរំលឹកពីការបៀតបៀនសេរីភាពខា​ងសាសនានិងអំពើហិង្សាដ៏ឃោរឃៅលើគ្រិស្តបរិស័ទ នៅក្រោមនៃលទ្ធិកុម្មុយនិស្ត និងការការពារដែលផ្តល់ដោយប្រជាជនអាល់បានីដល់ជនជាតិយូដា។

បន្ទាប់ពីជំនួបជាមួយសម្តេចប៉ាប លោកប្រធានាធិបតីបានជួបជាមួយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តី នៃបុរីវ៉ាទីកង់ ដោយអមដោយ លោកអគ្គអភីបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) ស្តីពី ទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិនានា។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យព័ត៌មានសន្តអសនៈបានឲ្យដឹងថា នៅក្នុងជំនួបនេះសម្តេចប៉ាប និង លោកប្រធានាធិបតីអាល់បានី បានបង្ហាញពីការដឹងគុ​ណ​ «សម្រាប់ទំនាក់ទំនងទ្វេភាគីជាវិជ្ជមាន» និងលើកឡើងជា «សំណួរបើកចំហមួយចំនួននៅក្នុងទំនាក់ទំនងរវាងព្រះសហគមន៍និងរដ្ឋ»។​

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា មេដឹកនាំទាំងពីរភាគីក៏បានពិភាក្សានិង យកចិត្តទុកដា​ក់អំពីផ្លូវរបស់អាល់បានីទៅកាន់សមាជិកភាពនៃសហភាពអឺរ៉ុប និងបញ្ហាអន្តរជាតិផ្សេងៗ ដោយផ្តោតលើតំបន់បាល់កង់ខាងលិច និងជម្លោះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន៕

Daily Program

Livesteam thumbnail