សម្តេចប៉ាបមានបំណងយាងទៅប្រទេសចិន
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអានៈបានថ្លែងថា ប្រសិនបើមានការបើកចំហរសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។
វ៉ាទីកង់ញូវបានរាយការណ៍ថា ប្រសាសន៍របស់លោកកាឌីណាល់ បែបនេះគឺធ្វើឡើងនៅពេលដែលលោកបានអញ្ជើញដល់បាឋកថានៅសាកលវិទ្យាល័យ Pontifical Urban នាទីទីក្រុងរ៉ូម កាលពីចុងសប្តាហ៍កន្លងទៅនេះ។
លោកកាឌីណាល់បានបង្ហើបថា នៅពេលនេះទំនាក់ទំនងរវាងសន្តអាសនៈនិងប្រទេសចិន បើទោះបីជាមិនទាន់ទូលំទូលាយ ប៉ុន្តែរដ្ឋទាំងពីរហាក់កំពុងតែចាប់ផ្តើមបង្ហាញនូវសញ្ញាដ៏ប្រសើរ។
លោកកាឌីណាល់បានមានប្រសាសន៍ថា ពេលវេលានៅពេលនេះហាក់ដូចជាមិនគ្រប់គ្រាន់នៅក្នុងការរៀបចំទេ ប៉ុន្តែ ប្រសិនបើមានការបើកចំហរពី ប្រទេសចិន សម្តេចប៉ាបក៏នឹងយាងទៅប្រទេសចិនភ្លាមៗ។
លោកកាឌីណាល់បានបង្ហើបថា ប្រទេសចិនគឺ ជាទឹកដីដែលទ្រង់តែងតែបង្ហាញការដឹងគុណ និងការគោរពយ៉ាងខ្លាំងចំពោះប្រជាជន ប្រវត្តិសាស្ត្រ និង វប្បធម៌ក៏ដូចជាអរិយធម៌ប្រទេសនេះបំផុត ។
លោកកាឌីណាល់បានបន្តថា សម្តេចប៉ាបពិតជាចង់ទៅបំពេញទស្សនកិច្ចនៅប្រទេសនៅ អាស៊ីដ៏អស្ចារ្យ និង ថ្លៃថ្នូរ នេះបំផុត ។
នាឱកាសនោះ លោកកាឌីណាល់ក៏បានថ្លែងរំលឹកដល់ លោកកាឌីណាល់ សែលសូ កូស្តាទីនី (Celso Costantini) ដែលជាអ្នកកសាងស្ពាននៃទំនាក់ទំនង រវាងបូព៌ានិងខាងលិច៕