សម្តេចប៉ាបមានបន្ទូលថា ទៅមុខ កុំនៅស្ងៀម
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា ទោះជាយើងស្ថិតនៅក្នុងស្ថានភាពណាក៏ដោយសូមកុំបញ្ឈប់ចលនាទៅមុខរបស់យើង ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ទ្រង់បានមានបន្ទូលបែបនេះនៅពេលដែលទ្រង់យាងជួបជាមួយក្រុមយុវជនមកពីសហភាពអ៊ីតាលីនៃជនមានពិការភាព និងពិការភ្នែក កាលពីថ្ងៃសុក្រសប្តាហ៍មុន។
នៅក្នុងឱកាសនោះសម្តេចប៉ាបបាន ឆ្លុះបញ្ចាំងពីអត្ថន័យនៃធម្មយាត្រា ដោយជំរុញឱ្យពួកគេធ្វើចលនាទៅមុខជានិច្ចទោះជាយឺតយ៉ាងណាក៏ដោយ សំខាន់គឺមានការផ្លាស់ប្តូរ។
នៅក្នុងសុន្ទរកថាដ៏ខ្លី សម្តេចប៉ាបបានឆ្លុះបញ្ចាំងជាមួយក្រុមកុមារ និងក្មេងជំទង់ទាំងនោះអំពីអត្ថន័យនៃធម្មយាត្រា ដោយជំរុញពួកគេឲ្យ «កុំឈប់ដើរទៅមុខ»។
សម្តេចប៉ាបបានមានបន្ទូលថា ប្រធានបទសម្រាប់ឆ្នាំអំណរសប្បាយ ២០២៥ គឺ "បូជនីយេសក៍នៃក្តីសង្ឃឹម" ដូច្នេះសូមកុំបោះបង់ក្តីសង្ឃឹម ទោះជាយើងនៅក្នុងស្ថានភាពណាក៏ដោយ។
សម្តេចប៉ាបបានសង្កត់ធ្ងន់ថា បូជនីយេសក៍មិនមែនគ្រាន់តែជាអ្នកដែលដើរនោះទេ ប៉ុន្តែជាអ្នកដែលមានគោលដៅ ហើយក្នុងករណី បូជនីយេសក៍នៅឆ្នាំអំណរសប្បាយនេះ គោលដៅនោះគឺទ្វារដ៏វិសុទ្ធ។
សម្តេចប៉ាបបានមានបន្ទូលថា ទ្វារដ៏វិសុទ្ធគឺជានិមិត្តរូបមួយដែលតំណាងឲ្យព្រះយេស៊ូគ្រីស្តដែលជាអាថ៌កំបាំងនៃការសង្គ្រោះ ដែលអនុញ្ញាតឲ្យយើងចូលទៅក្នុងជីវិតថ្មី៕